(កំពត)៖ សូមប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខេត្តកំពត មានការប្រុងប្រយ័តុ្ន! ចោរមួយក្រុមចាប់ផ្តើមសកម្មភាពដើរបំពុលឆ្កែ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅពេលយប់ ជាបន្តបន្ទាប់នៅស្រុកបន្ទាយមាស និងជុំគីរី ខេត្តកំពត។ មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា សកម្មភាពបំពុលឆ្កែក្នុងករណី២ផ្សេងគ្នា បានបណ្តាលឲ្យឆ្កែរបស់អ្នកស្រុកងាប់អស់៦ក្បាល ហើយក្រុមចោរបានលួចយកគោរបស់ប្រជាពលរដ្ឋចំនួន៨ក្បាល និងម៉ូតូ១គ្រឿង។
មន្ត្រីនគរបាលខេត្តកំពត បានឲ្យដឹងថា ករណីទី១បានកើតឡើលងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចន្លោះពីម៉ោង១រំលងអាធ្រាត្រ ដល់ម៉ោង៥ព្រឹកទៀបភ្លឺ មានករណីចោរបំពុលឆ្កែងាប់អស់០៤ក្បាល ដោយពួកចោរចូលធ្វើសកម្មភាពលួចគោ យកទៅបាត់ដោយសុវត្ថិភាព អស់ចំនួន០៨ក្បាល នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសូរិយា ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។
ម្ចាស់គោ ឈ្មោះ ស៊ិន ណន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ។
ករណីទី២កើតឡើងនៅយប់វេលាម៉ោង ប្រហែល១និង៣០នាទី រំលងអាធ្រាត្រឈានថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមចោរមិនស្គាល់អត្តសញ្ញាណ បានចូលទៅបំពុលឆ្កែ យកម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋ នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ដោយក្រុមចោរយកអស់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FP-5453។ ម្ចាស់ម៉ូតូ ឈ្មោះ អ៊ុ ពេច ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្ត បាននិងកំពុងធ្វើការស៊ីបអង្កេត ដើម្បីតាមចាប់ក្រុមចោរ៕