(ភ្នំពេញ)៖ លោកស្រី យឹម ឆៃលីម ហ៊ុនម៉ានី ដែលជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជានឹងពង្រីកការផ្តល់ជូនសេវាពិនិត្យព្យាបាលជំងឺ ឥតគិតថ្លៃ ដល់ផ្ទះប្រជាពលរដ្ឋ ឲ្យកាន់តែបានទូលំទូលាយនៅក្នុងទូទាំងប្រទេស។
ការលើកឡើងរបស់លោកស្រី បានធ្វើឡើង នៅក្នុងពិធីគម្រប់ខួប២ឆ្នាំ នៃការបង្កើតសម្ព័ន្ធ ស.ស.យ.ក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ។
លោកស្រី យឹម ឆៃលីម ហ៊ុនម៉ានី បានឲ្យដឹងថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មានក្រុមគ្រូពេទ្យ និង វេជ្ជបណ្ឌិតបរទេស និងខ្មែរជំនាញៗជាច្រើន ដែលធ្វើការមនុស្សធម៌ ដោយស្ម័គ្រចិត្ត ហើយយើងក៏មានបរិក្ខារពេទ្យទំនើបៗ និងឱសថល្អៗ ដែលជាជំនួយពីប្រទេសស្វីស បារាំង កូរ៉េ ជប៉ុន និងដាណឺម៉ាក ផងដែរ។
លោកស្រី បន្តថា នៅក្នុងរយៈពេល២ឆ្នាំ ក្រោយការបង្កើតសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា យើងបានរួមចំណែក ជួយសង្គមយ៉ាងច្រើនតាមរយៈការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ,ខ្វះលទ្ធភាពនៅតាមជនបទ ក្នុងខេត្តមួយចំនួន ដោយឥតគិតថ្លៃ ហើយយើងនឹងបន្តពង្រីកឲ្យបានកាន់តែទូលំទូលាយ នៅទូទាំងប្រទេស។
នៅចំពោះមុខនិស្សិត និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ លោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ក៏បានប្រកាសជម្រាបជូន ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចុះនៅកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យ និងព្យាបាលប្រជាពលរដ្ឋគ្រប់រូប ដោយឥតគិតថ្លៃ នៅថ្ងៃទី១៩ មីនា ឆ្នាំ២០១៧ ដូច្នេះសូមបងប្អូននៅខេត្តព្រះវិហារ ត្រៀមខ្លួនទទួលយកការពិនិត្យព្យាបាល ដោយឥតគិតថ្លៃនេះ៕