(ភ្នំពេញ)៖ ស្ត្រីបឹងកក់៤នាក់ ត្រូវបានសាលាឧទ្ធរណ៍ បានកំណត់ឲ្យមានទោសដដែល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «ជេរប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ញូង ធុល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
កន្លងទៅសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគាររយៈពេល៦ខែ បន្ទាប់ពីពួកគេបានជេរប្រមាថ និងប្រឆាំងនឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នាពេលសវនាការនាព្រឹកមិញ ជនជាប់ចោទ៤នាក់ រួមមាន៖ ឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និងឈ្មោះ ហេង មុំ បានបដិសេធដូចគ្នាថា «ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់ដល់ពួកគេ»៕