(សៀមរាប)៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកុម្ភះ ឆ្នាំ២០១៧នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទូរគមនាគមន៍ម្ពុជា (ទ.ក) បានរៀបចំពិធីផ្ទេរ និងប្រកាស តែងតាំងប្រធានសាខាទូរគមនាគមន៍កម្ពុជា ខេត្តសៀមរាប ។ ដែលពិធីនេះស្ថិតក្នុងអធិបតីភាពរបស់លោក សន វី អគ្គនាយកស្ដីទី ទូរគមនាគមន៍កម្ពុជា ។
បើតាមសេចក្ដីសម្រេច និងលិខិតបង្គាប់ការ គឺបានប្រគល់ភារកិច្ច និងតែងតាំង លោក ហុក បណ្ឌិត ជាប្រធានសាខាទូរគមនាគមន៍កម្ពុជា ខេត្តសៀមរាប ជំនួសលោក ប៉ុក កាធុល ដែលត្រូវចូលនិវត្ត ។ និងដោយមានវត្តមានរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង និងសាខាប្រៃសណីយ៍ និងទូរគមនាគមន៍ ទូរគមនាគមន៍ម្ពុជា ផងដែរ ។
បើតាមរបាយការណ៍ ដែលអានដោយលោក ប៉ុក កាធុល ថា ÷ បុគ្គលិកសរុបមានចំនួន ១៩រូប (ស្ដ្រី ០២រូប) ក្នុងនោះនិយោជិកជាប់កិច្ចសន្យា ០៤រូប ។ ក្នុងពេលបច្ចុប្បន្ននេះ អតិថិជនកំពុងប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនសរុបមាន ៣.១៦៦លេខ ។ ឆ្នាំ២០១៦ ស្ថាបនាទូរស័ព្ទបានចំនួន ២៧៥គ្រឿង និងការងារស្ថាបនា Internet បានចំនួន ៩៩ connection ។ ដែលទទួលបានប្រាក់ចំណូលសរុបជាង ២៧ម៉ឺនដុល្លារអាមេរិក ។
លោក សន វី អគ្គនាយកស្ដីទី ទូរគមនាគមន៍កម្ពុជា បានមានមតិកោតសរសើរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិក ដែលក្រោមការដឹកនាំរបស់លោកប្រធាន ប៉ុក កាធុល ។ បន្ទាប់ពីការប្ដេជ្ញាចិត្តរបស់លោកប្រធានថ្មី លោកអគ្គនាយកស្ដីទី បានផ្ដល់អនុសាសន៍ ឲ្យលោកប្រធានថ្មី បន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹក និងរក្សាសាមគ្គីភាពផ្ទៃក្នុង ការគ្រប់គ្រង ដឹកនាំ ហើយត្រូវរួមគ្នាបន្តពង្រីក/ពង្រឹងនូវគុណភាពសេវា ជូនអតិថិជន ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ៕