(កំពង់ចាម)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម រសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានកោតសរសើរដល់លោកសួន ឌី អតីតប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មចាស់ ដែលបានខិតខំអស់កំលាំងកាយចិត្តបំពេញ ការងារក្នុងមន្ទីរតាំងពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយបន្សល់នូវស្នាដៃ និងបទពិសោធន៍ជាច្រើនរហូតដល់បច្ចុប្បន្ន ។
កត្តានេះ តាមរយៈក្រសួងទើប រាជរដ្ឋាភិបាលតែងតាំងលោកជាទីប្រឹក្សាក្រសួង ឋានៈស្មើអគ្គនាយករងដើម្បីបានជួយ ការងារមន្ទីរបន្តទៀត ហើយសង្ឃឹមថាប្រធានមន្ទីរថ្មី គឺលោក ពូន រុន នឹងខិតខំបន្តស្នាដៃដ៏ល្អនេះ ដោយយកប្រធានមន្ទីរចាស់ជាគ្រូ នឹងប្រឹងប្រែង អភិវឌ្ឍន៍ស្នាដៃថ្មីៗរបស់ខ្លួនបន្ថែមទៀត ក្នុងការងារ គ្រប់គ្រង ដឹកនាំអង្គភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ តាមការឡើងប្តេជ្ញាចិត្តរបស់ខ្លួន ។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យមន្ត្រីមន្ទីរទាំងអស់ ខិតខំបម្រើសេវាសាធារណៈ នៅថ្នាក់មូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបំពាក់បំប៉នចំណេះជំនាញបន្ថែម ដើម្បីត្រៀមទទួលយក ការងារតាមរយៈការធ្វើប្រតិភូ កាន់អំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ។
ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំជាថ្មីទៀត ឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ចាម ក៏ដូចជាគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ដ៏ទៃទៀតពិនិត្យឲ្យអស់លទ្ធភាព ដើម្បីចុះដល់មូលដ្ឋាន សហគ្រាសខ្នាតតូច និងមធ្យម ធ្វើការចុះបញ្ជីជូនពួកគាត់ ដើម្បីឲ្យមានការទទួលស្គាល់ តាមផ្លូវច្បាប់ ងាយស្រួលគ្រប់គ្រង និងជួយគាំទ្រពួកគាត់ និងសូមជួយផ្សព្វផ្សាយផងដែរ ដល់អាជីវករក្នុងសហគ្រាសខ្នាតតូច និងមធ្យម ឲ្យបានជ្រាបថាៈ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទើបចេញអនុក្រឹត្យស្តីពី ការលើកទឹកចិត្តផ្នែក ពន្ធដាររយៈពេលពីរឆ្នាំនៃ ពន្ធលើប្រាក់ចំណូល ចំពោះការចុះបញ្ជីដោយការស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងមធ្យមក្នុងកំឡូងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដែលនេះ ជាកំណែទម្រង់ និងការសម្រួលសេវា សាធារណៈថ្មីបន្ថែមទៀត ក្នុងចំណោមសេវាសាធារណៈជាច្រើនកន្លងមក ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់និងលើកលែង លើតម្លៃសេវាផ្សេងៗ ហើយកំពុងទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋទូទៅ មានដូចជាៈការបញ្ឈប់ការយកពន្ធលើ មធ្យោបាយប្រចាំឆ្នាំ ( ម៉ូតូ) ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដល់អ្នកជាប់សាច់ញាតិបង្កើត ការបញ្ចុះថ្លៃអគ្គិសនី ការតបណ្តាញទឹកស្អាតក្នុងតម្លៃថោក ដល់ផ្ទះជួលរបស់កម្មករ ការបញ្ឈប់យកភាសុីការលក់ល្អី កញ្ច្រែងតាមផ្សារ ការបញ្ឈប់ការយកកម្រៃសេវា អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ រួមនិងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ។ល។
ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវជំនឿថា ប្រជាពលរដ្ឋភាគច្រើនពិតជា បានយល់កាន់តែច្បាស់ពីយុទ្ធនាការ ថ្មីៗនេះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់បំណង អាក្រក់ពីជនអគតិ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់ ប្រជាពលរដ្ឋថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ ។
ដូច្នេះ លោកស្នើឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ សាររបស់សម្តេចផ្ញើជូនជនរួមជាតិឲ្យស្វែងយល់ថាៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន ពុំមែនជារបស់រដ្ឋឡើយ ។ ដូចគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានទាញអារម្មណ៌អង្គពិធីកន្លងមក ជាពិសេស ជិតដល់រដូវបោះឆ្នោត ពួកនិន្នាការប្រឆាំងតែង បំផុសឲ្យមានកាតវ៉ាបញ្ចុះថ្លៃទឹក ស្របពេលដែលភ្លើងចុះថ្លៃហើយ ។ ចំណុចនេះ លោកទេសរដ្ឋមន្ត្រី ធ្វើការពន្យល់ថាៈ ទោះបីថ្លៃភ្លើងចុះ ក៏ថ្លៃទឹកមិនអាចចុះគំហុកដូចភ្លើងបានដែរ ហើយបើរោងចក្រផលិតទឹកស្អាតនោះ មិនទាន់មាន ភ្លើងរដ្ឋដល់ទៀតគឺកាន់តែពិបាកចុះហើយ ។ ហេតុអ្វី ? ពីព្រោះបច្ចុប្បន្ននេះ ក្រសួងមុនឲ្យវិស័យឯកជន ទទួលសិទ្ធិធ្វើ អាជីវកម្មទឹកស្អាត គឺត្រូវសិក្សាពីសមិទ្ធិលទ្ធភាព និងគណនាថ្លៃដើមឲ្យបានច្បាស់លាស់ ពីព្រោះក្រសួងអនុញ្ញាតិ ឲ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានប្រាក់ចំណេញដុលត្រឹម១០% ប៉ុណ្ណោះ នៃការចំណាយថ្លៃដើមរបស់ខ្លួន ។
បើទាមទាចុះថ្លៃគំហុក ច្បាស់ណាស់ប្រតិបត្តិករទឹកឯកជន នឹងក្ស័យធន់ ហើយបើទឹកត្រូវផ្តាច់តែរយៈពេលពីរ ទៅបីថ្ងៃ តើប្រជាពលរដ្ឋទ្រាំបានទេ ? ពេលនោះ តើគាត់ចំណាយលុយពី ១៥០០៛ ទៅ ២៥០០៛ ( ថ្លៃទឹក ពីតំបន់មួយ រឺពីខេត្តមួយ មិនអាចដូចគ្នាទេ ដោយសាប្រភពទឹកខុសគ្នា ការប្រើវត្ថុធាតុកំចាត់មេរោគក្នុងទឹកខុសគ្នា ....។ល។ )អាចទិញទឹកអម្រែកបានមួយម៉ែត្រគូប ស្មើនិង១ពាន់លីត្របានទេ? នៅពេលដែលថ្លៃទឹកខាងលើ មានការតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបានដោយមិនខ្លាចមានរោគឆ្លង ។
ទោះយ៉ាងណា លោកស្នើដល់មន្ទីរ និងរដ្ឋាករ ទឹកខេត្ត ខិតខំស្វែរកគ្រប់លទ្ធភាពក្នុងការតបណ្តាញ ទឹកស្អាតឲ្យដល់ទីប្រជុំជនឃុំ ដែលនៅសល់ប្រមាណ ០៦ ឃុំទៀត ក្នុងចំណោមឃុំ ចំនួន ១០៥ និងខិតខំគៀងគរអ្នកវិនិយោគ ក៏ដូចជាឧស្សាហករ និងសិប្បករ មកធ្វើការផលិតកែច្នៃ ផ្គត់ផ្គង់ និងនាំចេញ ពីព្រោះខេត្តកំពង់ចាម មានសក្តានុពលខ្លាំងណាស់ ផ្នែកដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ។
បន្ទាប់មកលោក ទេសរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញបន្ដដំណើរពីសាលប្រជុំសាលាខេត្ត មកមន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម ដែលទើបសាងសង់ថ្មី លើទំហំដី ១២០០ ម៉ែតការ៉េ ទទឹង ៩,៥០ម បណ្តោយ ១៥ ម កំពស់មួយជាន់ ស្មើនិង ០៨ បន្ទប់ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ ដែលឱកាសនោះ មាន ការចូលរួមពី លោក ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមផងដែរ៕