(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និងជាសមាជិកអចិន្រ្តៃយ៍គណបក្សខណ្ឌ បានបើកវគ្គបណ្ដុះបណ្ដាល ទៅដល់សកម្មជន ប្រតិកម្មរហ័សរបស់ខ្លួន ដើម្បីពង្រឹងស្មារតីបន្ថែមទៀត ក្នុងការត្រៀមសម្រាប់ឈានទៅកាន់យុទ្ធនាការបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះ។
CCP ខណ្ឌឫស្សីកែវ បានបើកវគ្គបណ្ដុះបណ្ដាល ដល់សកម្មជនរបស់ខ្លួននេះ បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសាលប្រជុំ នៃសាលាខណ្ឌឫស្សីកែវ បន្ទាប់ពីមានការឯកភាពពីលោក វ៉ាន់ សាលី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្ត្រី ឃោសនិក និងមេខ្យល់ ដែលមកពីគណបក្សសង្កាត់ច្រាំងចំរេះទី២ ចំនួន៤០នាក់ផងដែរ។
ក្នុងពិធីនេះ គណៈឃោសនាអប់រំ ជាសមាជិកអចិន្រ្តៃយ៍ គណបក្សខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បានលើកឡើងថា «យើងមិនអាចប្រហែសបានឡើយ ព្រោះនៅថ្ងៃទី០៤ ខែមិនថុនា ឆ្នាំ២០១៧ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់។ ដូចនេះចាំបាច់ទាមទាឲ្យមានការចូលរួមពីសកម្មជនប្រតិកម្មរហ័ស របស់គណបក្សយើង ដើម្បីមកទទួលយក វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងបន្ថែមទៅដល់សកម្មជនរបស់គណបក្សឲ្យកាន់តែក្លាំងក្លា មានទាំងសម្ថភាព និងប្រសិទ្ធភាពខ្ពស់»៕