(កំពង់ស្ពឺ)៖ ផ្លូវចំនួន៣ខ្សែ ដែលចំណាយសាងសង់ជិត៣០លានរៀល នៅឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជូនប្រជាពលរដ្ឋរាប់រយគ្រួសារ នៅទីនោះ ដែលផ្លូវនេះចាប់ដំណើរ សាងសង់តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ពិធីដាក់ឲ្យដំណើរការផ្លូវខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ លោក លី សុន ប្រធានក្រុមករងារថ្នាក់ កណ្តាល ចុះជួយស្រុកឧដុង្គ លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ នាយករង នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងប្រជាពលរដ្ឋជាច្រើន។
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានលើកឡើងថា ដោយមើលឃើញអំពីផលលំបាក ចំពោះការធ្វើដំណើររបស់បងប្អូន ទើបក្រុមការងារចុះជួយស្រុកឧដុង្គ បានសម្រេចធ្វើការជួសជុលឲ្យបានប្រើប្រាស់នៅផ្លូវចំនួន៣ខ្សែ ដែលចម្ងាយ១៤ គីឡូម៉ែត្រ ក្នុងនោះ ២ខ្សែចាប់ពីផ្សាបន្ទាយខ្មែរក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទៅកាន់ឃុំយុទ្ធសាមគ្គី និង១ខ្សែទៀត បន្តទៅកាន់ ផ្សារក្រាំងចេក។
លោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឧដុង្គ និងលោឧត្តមសេនីយ៍ត្រី អ៊ុក កោសា អនុប្រធានក្រុមការងារ ចុះជួយស្រុកឧដុង្គ បានលើឡើងថា ការកសាង និងជួសជុលផ្លូវទាំង ៣ខ្សែខាងលើ ដែលត្រូវចំណាយថវិកាយ៉ាងច្រើននេះបានមក ពីរួបរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ហើយដោយមើលឃើញពីផលប៉ះពាល់ក្នុងការធ្វើដំណើរចាំជារៀងរាល់ថ្ងៃ ដឹកបងប្អូនក្មួយៗ ជាកម្មករ-កម្មាការិនី រោងចក្រទើបក្រុមការងារបានសម្រេចជួសជុលបន្ទាន់ជូនពលរដ្ឋតែម្តង។
លោកឧត្តមសេនីយ៍ បានលើកឡើងបញ្ជាក់ពីជំហរបស់គណបក្សប្រជាជនថា កសាងផ្លូវនេះ គឺជាការចូលរួមចំណែកពីក្រុមការងារ របស់បក្សប្រជាជន មិនដូចការលើកឡើងពីក្រុមអ្នកប្រឆាំងផ្កាប់មុខដើរស្រែកថា ការជួសជុលនេះបានលុយពីណា? ឬជាលុយ បានមកពីអំពើពុករលួយទេ? ជាក់ស្តែង ក្រុមការងារបានអនុញ្ញាតឲ្យលោក កែវ ឡុយ ជាអតីតសមាជិក នៃបក្សសង្គ្រោះជាតិ ដែលបានមករួមរស់ជាមួយបក្សប្រជាជន និងជាអ្នកសម្របសម្រួលក្នុងមូលដ្ឋាន។
អតីតសមាជិកបក្សប្រឆាំងរូបនេះ បានឡើងផ្តល់មតិថា កាលពីលោកនៅបក្សសង្គ្រោះជាតិ លោកតែបានឮពាក្យពុករលួយកើតចេញ ពីការរៃ អង្គាសនេះជាញឹកណាស់ តែដល់ពេលលោកមករស់នៅធ្វើការជាមួយបក្សប្រជាជនទើបដឹងថា មន្ត្រីគណបក្សប្រជាជន កម្ពុជា បានរួមចំណែកជាច្រើនដើម្បីជួយដល់សមាជិកបក្ស ជួយដល់ពលរដ្ឋទាំងមូល ជួយសង្គមជាតិ ដោយមិនដែលឮពាក្យ រើសអើងបន្តិចឡើយ ហើយបក្សប្រជាជន មានសមាណចិត្តចេះជួយគ្នាចេះស្រឡាញ់គ្នា ធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋដោយ មិនគិតការនឿយហត់៕