(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹងថា ពេលបច្ចុប្បន្នមានក្រុមហ៊ុនរបស់ខ្មែរចំនួន២៤ កំពុងដាក់ទុនវិនិយោគរកស៊ី នៅក្នុងប្រទេសភូមា ហើយនាពេលខាងមុខឆាប់ៗនេះ ធនាគារឯកទេសវីង (Wing) ក៏នឹងទៅវិនិយោគនៅភូមាផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនឡើងយន្តហោះទៅបំពេញទស្សនកិច្ច នៅប្រទេសភូមានាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា «សព្វថ្ងៃមានក្រុមហ៊ុនខ្មែរ ចំនួយ២៤ បានទៅវិនិយោគនៅភូមា ហើយក្នុងពេលដ៏ឆាប់ខាងមុខ ធនាគារឯកទេសវីង នឹងទៅដាក់វិនិយោគនៅភូមាផងដែរ។ ចំណែកភូមាមកវិនិយោគនៅខ្មែរវិញ ប្រហែលជាមិនទាន់មានទេ»។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជា-ភូមា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ក្នុងនោះផ្តោតសំខាន់លើវិស័យ ទេសចរណ៍ ព្រោះនៅភូមាមានមជ្ឈមណ្ឌលវប្បធម៌មួយដ៏ល្បីល្បាញដែលមានឈ្មោះថា ក្រុងបាកាន ដូចនឹងប្រាសាទអង្គវត្ត របស់ខ្មែរដែរ ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើន។
លោក ហោ ណាំហុង បន្តទៀតថា ភាគីទាំងពីរនឹងសហការគ្នា ដើម្បីជំរុញអ្នកទេសចរណ៍ចូលទស្សនាក្រុងបាកានឲ្យមកទស្សនា កម្សាន្ត នៅប្រាសាទអង្គរវត្ត ហើយភ្ញៀវមកទស្សនាប្រាសាទអង្គរវត្តនឹងជំរុញឲ្យទៅកម្សាន្តនៅបាកានវិញផងដែរ។
លោកឧបនាយករដ្ឋអះអាងទៀតថា ក្នុងពេលឆាប់ខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសអារ៉ាប់រួមនឹងហោះត្រង់ មកទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ហើយនឹងបន្តហោះត្រង់មកកម្ពុជា ដែលការហោះហើរត្រង់នេះ នឹងជួយនាំភ្ញៀវទេសចរ បរទេសមកកម្ពុជាកាន់តែច្រើនឡើងមួយកម្រិតទៀត។
លោក ហោ ណាំហុង សង្កត់ធ្ងន់ថា កម្ពុជា-មីយ៉ាន់ម៉ា នឹងរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានកំណើនខ្លាំងឡើងៗ ទាំងផ្លូវគោក និងផ្លូវអាកាស៕