(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ហ៊ូ សាគុណ បានជំរុញឲ្យបេក្ខជន ក្រុមប្រឹក្សាឃុំ ចុះជួបសំណាលសំណាលសួរទុក្ខ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយ។
ពិធីប្រជុំត្រួតពិនិត្យ សភាពការណ៍ក្រោយការបោះឆ្នោតជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយទិសដៅឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី4 នៅឃុំអង្គរទ្រេត នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ ហ៊ូ សាគុណ បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារតាមឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ និងមិនត្រូវគិតពី និន្នាការនយោបាយនោះទេ ពិសេសត្រូវខិតខំធ្វើអំពើល្អ បើគោលនយោបាយបក្សល្អហើយ បេក្ខជនមិនល្អក៏មិនអាចទៅរួចនោះដែរ។
ទន្ទឹមនោះឧត្តមសេនីយ៍ បានស្នើឲ្យត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការកោសរូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោកបញ្ជាក់ថា «ដើម្បីឲ្យសមាជិកបក្សយើងម្នាក់ សន្លឹកឆ្នោតមួយវាទាមទារឲ្យបក្សយើងល្អ បេក្ខជន សមាជិកយើងល្អនិងទាមទារ ឲ្យយើង កែការខ្វះខាត ទាមទារអំពើល្អរបស់យើង ដើម្បីប្រកួតប្រជែងជាមួយបក្សដទៃ ពិសេសមានសាមគ្គីភាពផ្ទៃក្នុងល្អ»។
ឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានជំរុញឲ្យកម្លាំងនគរបាល មានសមត្ថកិច្ចទាំងពីរឃុំ ត្រូវពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកន្លែងងាយរងគ្រោះ ដូចជា៖ កន្លែងរកស៊ីលក់មាស ប្តូរប្រាក់ វេរប្រាក់ និងបន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះក្រុមការងារត្រូវបន្តចុះចែកមូលនីធិសប្បុរ សម្តេចក្រឡាហោម ស ខេង ចំពោះស្រ្តីសម្រាលកូន និងគ្រួសារសព។
ក្នុងកម្មវិធីនេះ ក្រុមការងារ ក៏បានឧបត្ថម្ភអ្នកចូលរួមអស់ទឹកប្រាក់ចំនួន១.០៥០.០០០រៀល។ ចិញ្ចឹមចលនាសំរាប់ឧបត្ថម្ភប្រចាំខែ ៤០០.០០០រៀល។ បន្ទាប់មកលោកបានចុះពិនិត្យការដ្ឋានស្តារ ប្រឡាយ មួយខ្សែប្រវែង200ម៉ែត្រ មាត់លើ ប្រឡាយប្រវែង5ម៉ែត្រ ជម្រៅ 2ម៉ែត្រសំរាប់រំដោះជំនន់ទឹកភ្លៀង០២ភូមិ ចំណាយអស់ទឹកប្រាក់ចំនួន 10.000.000៛ សរុបរួមថវិកាចំណាយអស់ចំនួន 11.950.000រៀល៕