(កណ្ដាល)៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអំពាវនាវឲ្យកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ផ្ទះសម្បែងជូនប្រជាពលរដ្ឋ ពេលជួបគ្រោះអគ្គីភ័យកើតឡើង មិនត្រូវរង់ចាំទាល់តែ មានប្រយោជន៍ ទើបបានជួយបាញ់ពន្លត់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រនោះទេ ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងពិធីប្រារព្វទិវាជាតិ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានការចូលរួមពីលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អភិបាលស្រុក អធិការស្រុកទាំង១១ស្រុក ចៅ សង្កាត់ មេឃុំ មន្ត្រីជំនាញផ្នែកពន្លត់អគ្គីភ័យ និងសិស្សានុសិស្ស នៃវិទ្យាល័យសេរីភាពជាច្រើននាក់ទៀត។
ថ្លែងនៅក្នុងពិធីនោះ លោក ម៉ៅ ភិរុណ ក៏បានណែនាំដល់មន្ត្រីជំនាញពន្លត់អគ្គីភ័យថា ក្នុងនាមយើងជាមន្ត្រីជួយសង្គ្រោះអគ្គិភ័យ ត្រូវមានសីលធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលលោកជួបគ្រោះអគ្គីភ័យ ត្រូវទៅជួយបាញ់ពន្លត់ភ្លាមៗពេលទទួលព័ត៌មាន មិនត្រូវរង់ចាំទាល់តែមានប្រយោជន៍ទើបបានជួយបាញ់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ កំពង់ជួបគ្រោះភ័យអាសន្ននោះទេ ប៉ុន្តែសម្រាប់នគរបាលខេត្តកណ្តាល មិនមានចរិតបែបនេះនោះទេ គឺសុទ្ធតែមានចរិតថ្លៃថ្នូរទាំងអស់។
ទន្ទឹមនឹងនោះផងដែរ នគរបាលជំនាញអន្លត់អគ្គីភ័យបានឲ្យដឹងថា គ្រោះថ្នាក់អគ្គីភ័យបានកើតឡើងក្នុងឆ្នាំ២០១៦កន្លងមកនោះមាន
ចំនួន៤១លើក ក្នុង៥២លើកថយចុះ១១ លើកបើប្រៀបធៀបនៅឆ្នាំ២០១៥ ហើយរថយន្តចេញជួយអន្តរាគមន៍៍បានចំនួន២៥លើក ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។
នគរបាលបានបន្តថា មិនតែប៉ុណ្ណោះនោះទេ កម្លាំងបានចែកជា៣ក្រុមចុះដើរអប់រំ និងណែនាំត្រូតពិនិត្យ និងផ្សព្វផ្សាយអំពី វិធីការពារគ្រោះ អគ្គីភ័យដែលកើតឡើងជាយថាហេតុនិងចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសអគ្គីភ័យនៅតាមបណ្តាមូលដ្ឋាន ក្រុមហ៊ុន រោងចក្រសហគ្រាស ការដ្ឋាន ស្ថានីយ៍ប្រេងឥន្ទនៈ សិប្បកម្មនិងអាជីវកម្មនានាទូទាំងខេត្តកណ្តាល៕