(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអាជីវករ ជាពិសេសបងប្អូនតាម មូលដ្ឋានសហគមន៍នានាក្នុង រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីបញ្ហាគ្រោះអគ្គីភ័យ។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនៅក្នុងពិធីបង្ការនិងទប់ស្កាត់ ពន្លត់អគ្គិភ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលមាន ការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីកងកម្លាំងនគរបាលជាច្រើន រូបផ្សេងទៀត ដែលធ្វើឡើងនៅទីលានប្រជាធិបតេយ្យ។
លោក ប៉ា សុជាតិវង្ស បានថ្លែងយ៉ាងដូច្នោះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ពិសេសបងប្អូនតាមមូលដ្ឋាន សហគមន៍នានាក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាគ្រោះអគ្គីភ័យនេះ ជាពិសេសត្រូវ មានឧបករណ៍ពន្លត់អគ្គីភ័យនៅតាមគេហដ្ឋានរៀងៗខ្លួនត្រៀមសម្រាប់ហានិភ័យ កើតមានជាយថាហេតុ»។លោកបានបន្ថែមទៀតថា គ្រោះមហន្តរាយនៃអគ្គីភ័យ ពិតជាបានបំផ្លាញទ្រព្យសម្បត្តិយ៉ាងធំធេង របស់បងប្អូនជនរងគ្រោះ ដូចពាក្យចាស់ពោលថា «ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ»។
ដោយឡែកអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលនូវវិធីបង្ការ ពន្លត់អគ្គីភ័យ និងវិធីសង្គ្រោះ បឋមនានាដល់គោលដៅងាយរងគ្រោះនានាឱ្យបានជាប់ជាប្រចាំ៕