(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងប្រាប់ប្រជាពលរដ្ឋជិត ១,០០០នាក់ ដែលមកពិនិត្យ និងព្យាបាលជំងឺ នៅខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថា សូមប្រជាពលរដ្ឋទាំងអស់ សូមយល់ឲ្យច្បាស់ ពីបញ្ហាខ្ចីប្រាក់នៅតាមបណ្ដាអង្គការ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា កុំយល់ច្រឡំឲ្យសោះ ថាជាស្ថាប័នរបស់រដ្ឋ គឺមិនមែនទេ វាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ឯកជនសុទ្ធសាធ។
លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ប្រជាពលរដ្ឋយើងមួយចំនួនធំនៅរាជធានីភ្នំពេញ បានយល់ច្បាស់ហើយថា រាល់ពេលដែល បងប្អូនទៅខ្ចីប្រាក់ពីអង្គការ គឺថាវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋទេ តែបងប្អូនយើង មួយចំនួនតូច នៅមិនទាន់យល់ច្បាស់នៅឡើយទេ គឺតែងតែយល់ច្រឡំថា វាជាស្ថាប័នរដ្ឋ ដូនេះហើយ វាជាបញ្ហាមួយដែល ធ្វើឲ្យប្រជាពលរដ្ឋយើង និយាយតគ្នាថា ជំពាក់លុយរដ្ឋ»។
លោកបន្ដថា ពិសេសបងប្អូនយើងដែលនៅតាមបណ្ដាខេត្ដ ដែលនៅឆ្ងាយដាច់ស្រយាលតែងតែខ្ចីលុយពីអង្គការទិញសម្ភារៈនានា ដោយយកប្លង់ដី ឬផ្ទះទៅបញ្ចាំ ហើយគាត់អាលតែខ្ចីលុយរដ្ឋ ខ្លាចមានការអនុគ្រោះ មានអីពេលខ្លះគាត់ខ្វះលុយបង់ គឺរឹមអូស យកដីអស់ ក៏មានដែល អ្នកខ្លះរត់ចោលស្រុក ព្រោះតែគ្មានលុយសងគេ ។
ទន្ទឹមនឹងនោះផងដែរ លោក ភឿន ម៉ាន ដែលមកពិនិត្យសុខភាព ក្នុងចំណោមប្រជាពលរដ្ឋជិត១,០០០នាក់នោះបានលើកឡើងថា «ពីមុនមកខ្ញុំមិនយល់ មិនដឹងទេ ថាខ្ចីលុយហ្នឹងជារបស់រដ្ឋ ឬឯកជនអីទេ ព្រោះលឺតែបងប្អូនប្រជាពលរដ្ឋពេលខ្វះលុយគឺគាត់នាំ គ្នានិយាយទៅខ្ចីលុយរដ្ឋទៅ ឬធនាគារទៅ ដើម្បីទិញសម្ភារៈ និងយកទៅធ្វើអីមួយ ខ្ញុំមិនដែលលឺគេថា ខ្ចីលុយឯកជនអីទេ តែក្រោយពេលដែលលឺតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗថ្មីនេះថា រាល់ការខ្ចីលុយរបស់ប្រជាពលរដ្ឋយើង គឺពួកយើងទៅខ្ចីពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុរបស់ឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋទេ ពិសេសនៅព្រឹកនេះតែម្ដង បន្ទាប់ពីបានស្ដាប់លោករដ្ឋមន្ដ្រី គាត់បញ្ជាក់ប្រាប់បន្ថែមទៀត ដែលធ្វើឲ្យពួកខ្ញុំយល់កាន់តែច្បាស់ថែមទៀត»។
កាលពីថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា ណែនាំបន្តដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទាំងអស់ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួន ដើម្បីជៀសវាងឲ្យប្រជាពលរដ្ឋ មានការភ័ន្តច្រឡំឲ្យសោះ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ រដ្ឋមន្ដ្រីម៉ប ប៊ុនហេង ក៏បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដមកពិនិត្យសុខភាពឲ្យបាន ច្រើនបន្ថែមទៀត ព្រោះកម្មវិធីលើកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យព្រះកុសុមៈ និងពេទ្យកុមារជាតិ នៅកំពុងរងចាំពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលរួមមានជំងឺ រោគស្ដ្រី ពិនិត្យអេកូ(ផ្ទៃពោះ) វះកាត់ ពិនិត្យឈាម សួត ជំងឺរបស់កុមារៗ រួមទាំងជំងឺទូទៅផ្សេងៗផងដែរ ពីម៉ោង៧ព្រឹកដល់ ម៉ោង៥រសៀល ៕