(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នាលើទឹកដីខេត្តពោធិ៍សាត់នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ បានធ្វើឲ្យអ្នកដំណើរ ៤នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
មន្រ្តីនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ Fresh News នាព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា គ្រោះថ្នាក់ចរាចរទី១ បានកើតឡើង នៅវេលាម៉ោង ១១៖១៥នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលទៅវាល១ និងវាល២ ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កើតហេតុដោយសារបុរសវ័យ ៥២ឆ្នាំម្នាក់ ឈ្មោះ ជា រៀម បើកគោយន្តដឹកបង្គោលរបង ចុះចំណោតមិនប្រយ័ត្ន ក្រឡាប់ធ្លាក់ស្នាមភ្លោះ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯអ្នករួមដំណើរឈ្មោះ ដុំ ផល្លី អាយុ ៤៣ឆ្នាំ រងរបួសស្រាលអ្នករួមដំណើរម្នាក់។
គ្រោះថ្នាក់ចរាចរករណីទី២ បានកើតឡើងនៅម៉ោង ០៩៖៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវក្រាលគ្រួសក្រហម មួយកន្លែង ស្ថិតក្នុងភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ គ្រោះថ្នាក់នេះ បង្កដោយបុរស នូវ ណេង អាយុ ៥៣ឆ្នាំម្នាក់ ផឹកស្រាស្រវឹងជោក បើកម៉ូតូទៅផ្ទះលឿនហួសកំណត់ធ្លាក់ជង្ហុក ហោះទៅបុកនឹងដី រួចបន្តធ្លាក់ទឹកអូរ បាក់កស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរករណីទី៣ បានកើតឡើងនៅវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦ និង១៧៧ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ បានកៀរម៉ូតូមួយគ្រឿងម៉ាក Honda Dream c125 ព័ណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-5066 ធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសជិះឌុបគ្នា ៣នាក់ ១-ឈ្មោះ សុខ សាវីន អាយុ ១៩ឆ្នាំ អ្នកបើកម៉ូតូ (ស្លាប់ភ្លាមៗនៅនឹងកន្លែង) ២-ឈ្មោះ សុខ សាវឿន អាយុ ២៣ឆ្នាំ អ្នករួមដំណើរ (ស្លាប់ភ្លាមៗនៅនឹងកន្លែង) និង៣- ឈ្មោះ ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសធ្ងន់ បញ្ជូនទោសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកពោធិ៍សាត់) ទាំង៣នាក់ រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុទាំង ៣ករណីខាងលើ កម្លាំងនគរបាល បានយកវត្ថុតាងម៉ូតូមករក្សាទុកនៅអធិការស្រុក ដោយឡែក សាកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕