ថវិកាជាង១៣ម៉ឺនដុល្លារ ត្រូវចំណាយសាងសង់អគារ ធ្វើការអាវុធហត្ថខេត្តរតនគិរី, ថ្ងៃនេះ បញ្ចុះបឋមសីលាកសាង
26-02-2017 11:10
(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចូលរួមជា អធិបតីក្នុងពិធី បញ្ចុះបឋមសីលាកសាងអគារធ្វើការ ដែលគ្រោងចំណាយថវិកាជាង១៣ម៉ឺនដុល្លារ ហើយជាគំនិតផ្ដួចផ្ដើម របស់លោកផ្ទាល់។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឲ្យដឹងថា ដើម្បីប្រសិទ្ធភាពការងារ និងឲ្យមន្ត្រីក្រោមឱវាទ មានកន្លែងធ្វើការសមរម្យរូបលោក បានចំណាយថវិកាផ្ចាល់ខ្លួន ចំនួន៥ម៉ឺនដុល្លារ ហើយបានកៀងគរមន្ត្រីអាវុធហត្ថក្រោមឱវាទ, សប្បុរសជន, ក្រុមហ៊ុននានា ដែលធ្វើការវិនិយោគនៅខេត្តរតនគិរី ឲ្យជួយក្នុងការកសាងសមិទ្ធផលខាងលើនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បញ្ជាក់ថា លោកនឹងជម្រុញការកសាងអគារនេះ ឲ្យបានរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ហើយសមិទ្ធផលអគារដ៏ថ្មីស្រឡាង សម្រាប់បម្រើផលប្រយោជន៍ក្នុងអង្គភាព ពោលគឺជាទ្រព្យសម្បត្តិរបស់រដ្ឋ។
យោងតាមរបាយការណ៍សាងសង់ បន្ថែមថា អគារនេះសង់ផ្ទាល់ដីមាន១០បន្ទប់ ប្រក់ក្បឿង មានបណ្តោយ៤០.២ម៉ែត្រ និងទទឹង ៨.២ម៉ែត្រ ថវិកាចំណាយសាងសង់ជាង១៣ម៉ឺនដុល្លារ៕