(ភ្នំពេញ)៖ សហភាពមរតជាតិកម្ពុជា-CCTUH ធ្វើពិធីសមាជវិសាមញ្ញ ដើម្បីធ្វើការកែលំអផ្ទៃក្នុង និងដឹកនាំប្រកបដោយប្រសិទ្ធភាព ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នាភោជនីយដ្ឋានពន្លឺរាត្រីថ្មី។
លោក ហុង ណាំហោ ដែលទើបបានជាប់ជាប្រធានថ្មី បានប្តេជ្ញាចិត្តខិតខំបំពេញការងារប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ និងចូលរួមឲ្យមានប្រសិទ្ធភាពបំផុត ក្នុងការងារចូលរួមការពារសិទ្ធិ និងផលប្រយោជន៏ របស់កម្មករនិយោជិត និងពង្រីកទំនាក់ទំនងការងារល្អ ជាមួយអង្គការសហជីពជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីដំណើរការសមាជវិសាមញ្ញតាម នីតិវិធីអង្គសមាជបានបោះឆ្នោតគាំទ្រលោក ហុង ណាំហោ ជាប្រធាន លោក ហង្ស ចំរើន អនុប្រធាន លោក នូ សំណាង អគ្គលេខាធិការ លោក ហង្ស រ៉ាវី អគ្គហិរញ្ញិក និងលោក តុល ផាន់មឿង ជាសមាជិកក្រុមប្រឹក្សាភិបាល៕