(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា បានផ្តល់រថយន្តសង្រ្គោះ បន្ទាន់មួយគ្រឿងដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់ពេលមានទុក្ខធុរៈផ្សេងៗ។
រថយន្តសង្រ្គោះបន្ទាន់នេះ ត្រូវបានលោក ស៊ុន ចាន់ថុល ប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកស្តី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ។ ក្រៅពីប្រគល់រថយន្តហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៤០០០នាក់។
ក្រៅពីការផ្តល់ជូនការព្យាបាលដោយឥតគិតថ្លៃក្រុមការងារក៏បានផ្តល់ប្រអស់ថ្នាំពេទ្យ ដែលមានថ្នាំពេទ្យសំខាន់ៗមួយចំនួន និងសម្ភារៈសម្អាតរបួសមួយចំនួន ដើម្បីប្រជាពលរដ្ឋប្រើប្រាស់នៅផ្ទះពេលមានជំងឺផ្សេងៗ។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ចាក់ពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចជាការថែទាំសុខភាព និងការអភិវឌ្ឈប្រទេសជាតិ ដែលកើតមាន រហូតមកដល់សព្វថ្ងៃនេះ។
លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ០៥ខ្សែ របស់គណៈពង្រឹងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទាក់ទង ២៤ម៉ោង ដើម្បីជួយដោះស្រាយរាល់បញ្ហាផ្សេងៗជូនពួកគាត់៕