(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធរួមគ្នា បានប្រារព្ធពិធីបង្ការនិងទប់ស្កាត់ ពន្លត់អគ្គិភ័យ នៅទីលានប្រជាធិបតេយ្យ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី កម្លាំងនគរបាលជាច្រើន រូបផ្សេងទៀត។
ដើម្បីបង្ការ និងទប់ស្កាត់អគ្គិភ័យ កុំកើតមានបន្តទៀតនោះ អាជ្ញាធររាជធានី អង្គការស្ថាប័នពាក់ព័ន្ធ បានរួមគ្នាប្រារព្ធពិធីបង្ការ និងទប់ស្កាត់ពន្លត់អគ្គិភ័យ ដោយយកថ្ងៃទី២២ ខែកុម្ភៈតាមប្រសាសន៍ របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកអនុវត្តន៍ដើម្បីរួមគ្នាទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យមានការថយចុះ និងឈានទៅលុបបំបាត់។ មួយវិញទៀតដើម្បីដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋបានយល់ ពីបញ្ហាគ្រោះអគ្គិភ័យនេះ។
បើទោះបីជារដ្ឋាភិបាលខិតខំ ពង្រឹងវិធានការ និងបង្កើនកម្លាំងសមត្ថកិច្ច ដើម្បីបង្កាអគ្គិភ័យក៏ដោយ តែចំនួននៃការកកើតអគ្គិភ័យ នៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឥតថយចុះ។ គ្រោះមហន្តរាយដែលកើតឡើងពីការឆាបឆេះនេះ បានក្លាយជាក្តីកង្វល់ដល់ពលរដ្ឋទូទៅ និងជាបន្ទុកដ៏ធំមួយរបស់រដ្ឋាភិបាល ព្រោះថាការកើនឡើងនូវការឆាបឆេះនេះ មិនត្រឹមតែសម្លាប់ជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែក៏បានបង្កភាពភ័យខ្លាច ដល់ពួកវិនិយោគិនបរទេស ក្នុងការសម្រេចចិត្តចូលមករកស៊ីនៅកម្ពុជាផងដែរ៕