(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនមែន ជាមនុស្សមានឥទ្ធិពលលេខ១ នៅព្យុងយ៉ាងនោះទេ​ ខណៈក្រុម អ្នកជំនាញកូរ៉េខាងត្បូង បានអះអាងថាបងស្រីម្ដាយទីទៃរបស់លោក គឺលោកស្រី គីម សូលសុង (​Kim Sol Song) ទើបជាអ្នកមានអំណាច ពិតប្រាកដធំបំផុតនៅក្នុងប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ពាក្យចចាមអារ៉ាមបែបនេះ ត្រូវបានគេនិយាយខ្សឹបខ្សៀវតគ្នានៅកូរ៉េខាងត្បូងតំាងតែពីឆ្នាំ២០១៣មកម្លេះ។ យោងតាមក្រុម អ្នកជំនាញកូរ៉េ ខាងត្បូង លោកស្រី គីម សូលសុង ដែលមានអាយុបងលោក គីម ជុងអ៊ុន ១១ឆ្នាំ ទើបជាអ្នកក្ដោបក្ដាប់អំណាច ពិតប្រាកដ នៅកូរ៉េខាងជើង ពោលគឺ រាល់ការសម្រេចចិត្តមួយចំនួនធំ របស់លោក ត្រូវតែឆ្លងការអនុម័តឬយល់ព្រមពីបង ស្រីរូបនេះជាមុនសិន។ ដោយឡែកជុំវិញពាក្យ ចចាមអាមរ៉ានេះដែរ អ្នកវិភាគនយោបាយកូរ៉េខាងត្បូងលោក ជុង សឹងចាង (Cheong Seong-Chang) បានគូសបញ្ជាក់ថា ៖«បើតាម ប្រភពគួរឱ្យទុកចិត្តបានជាច្រើន វាហាក់ដូចជាប្រព័ន្ធគ្រប់គ្រងនយោបាយ នៅកូរ៉េខាងជើង និងរាល់ការសម្រេចចិត្តនៃប្រមុខរដ្ឋ ចាំបាច់ត្រូវតែ មានការយល់ព្រមឬអនុម័តពីបងស្រីរបស់លោក (លោក គីម ជុងអ៊ុន) ជាមុនសិន»

គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង ការបែងចែកអំណាចរវាងលោក គីម ជុងអ៊ុន និងលោកស្រី គីម សូលសុង​ ត្រូវបានរៀបចំឡើង ដោយឪពុក របស់អ្នកទំាងពីរ គឺលោក គីម ជុងអ៊ីល​។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៣ សារព័ត៌មានកូរ៉េខាងត្បូង Sisain បានរាយការណ៍ថា លោក គីម ជុងអ៊ីល ពេញចិត្តជាខ្លំាងលើកូនស្រី ដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យា ហើយលោក ក៏ជឿជាក់ផងដែរថា កូន ស្រីរូបនេះ មានសមត្ថភាពខ្ពស់គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅកូរ៉េខាងជើង៕