(តាកែវ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកអង្គរបូរី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញបិទពិធីសិក្ខាសាលា ស្តីពី ការឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ លើប្រធានបទ «ឈ្នះការបោះឆ្នោត» ដែលបានចាប់ផ្តើមចាប់ពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅទីស្នាក់ការ កណ្តាលគណបក្សប្រជាជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ។

នៅក្នុងពិធីបិទសិក្ខាសាលានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ខេត្តតាកែវ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោកស្រី ចាន់ ធី រដ្ឋលេខាធិការក្រសួង ពត៌មាន និងលោក លោកស្រី អស់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុម ការងារថ្នាក់កណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលជាប្រធានក្រុមបក្សនៅមូលដ្ឋានស្រុកអង្គរបូរី ចំនួនប្រមាណ ៧០០នាក់ ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា លោក សុខុម ភគវន្តមុនី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិក សមាជិកាបក្ស ដែលបានចំណាយពេលវេលាដ៏មាន តម្លៃអស់រយៈពេលមួយថ្ងៃកន្លះ ដើម្បីចូលរួមមតិយោបល់ក្នុង អង្គសិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងគោលបំណងរួមគ្នាស្វែងរកយុទ្ធសាស្ត្រ ដើម្បីដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

លោកបានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពិតជាមានឥទ្ធិពលនយោបាយ ជាគន្លឹះសម្រាប់ គណបក្សយើងបន្តពង្រឹងពង្រីកប្រៀបនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។

លោកក៏បានលើកទឹកចិត្ត ដល់សមាជិក សមាជិកាបក្ស ដែលជាប្រធានក្រុមបក្សនៅស្រុកអង្គរបូរី ត្រូវតែធ្វើការប្តេជ្ញាចិត្តខាង នយោបាយឲ្យបានខ្ពស់ រួមកម្លាំងសាមគ្គី ដណ្តើមឲ្យបាន ជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ ឲ្យបានសម្រេចជាផ្លែផ្កា ដូចកាលយើងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានដោយជោគជ័យ តាំងពីអាណត្តិទី១ ដល់ អាណត្តិទី៣ នាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោក សុខុម ភគវន្តមុនី ប្រធានក្រុមការងារ ក៏បានបង្ហាញពីជំនឿ ជឿជាក់យ៉ាងមុតមាំ លើសមាជិក សមាជិកានៃអង្គសិក្ខាសាលា ថានឹងយកចំណេះដឹង និងបទ ពិសោធន៍ល្អៗដែល ទទួលបានពីសិក្ខាសាលានាពេលនេះ ទៅណែនាំ និងផ្សព្វផ្សាយជូនដល់សមាជិកក្រុមបក្ស ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនឲ្យបានយល់ដឹងកាន់
តែច្បាស់ ពីគោលនយោបាយអភិវឌ្ឍន៍ឃុំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញសម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិថ្មីនេះ ដើម្បីនឹងបន្តដឹកនាំ ក្នុងមូលដ្ឋានឃុំរបស់ខ្លួនទៅមុខទៀត។

លោកបានបញ្ជាក់ឲ្យដឹងថា ផ្អែកលើសារៈសំខាន់ខាងលើនេះ យើងទាំងអស់គ្នា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើការប្តេជ្ញាចិត្តខាងនយោបាយឲ្យបានខ្ពស់ រួមកម្លាំងសាមគ្គី ដើម្បីរួមគ្នារក្សាពង្រឹងពង្រីកប្រៀបឈ្នះក្នុង ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ ឲ្យបានជាដាច់ខាត។

សូមជម្រាបថា ពិធីបិទសិក្ខាសាលា បានដំណើរការអស់រយៈពេលមួយព្រឹក តាមរបៀបវារៈ ដែលបានកំណត់ហើយបាន បញ្ចប់នៅវេលាម៉ោង១១៖៣០នាទីព្រឹក ប្រកបដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ក្រោមបរិយាកាសស្និតស្នាល គ្នា៕