(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រួមជាមួយសហការី ប្រជុំផ្សព្វផ្សាយស្តីពីអនុសាសន៍ នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។
ក្នុងអនុសាសន៍លោក ចាន់ វ៉ាន់ធឿន បានបញ្ជាក់ថា ទី១៖ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ ចូលរួមបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ទី២៖មានសាមគ្គីភាពផ្ទៃក្នុងបានល្អ, ទី៣៖ជម្រុញការងារពង្រឹង ពង្រីកសមាជិកបក្ស, ទី៤៖ត្រូវមានប្រតិកម្មរហ័ស វាយបកភ្លាមៗទៅលើការ ឃោសនាប្រឆាំងឧបាយកលអាក្រក់ មកលើគណបក្ស និងទី៥៖ត្រូវធ្វើផែនការការងាររបស់ភូមិ-ឃុំរបស់ខ្លួន សម្រាប់ត្រៀមបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ជាមួយគ្នានោះដែរ លោក ចាន់ វ៉ាន់ធឿន ក៏បានដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដូចជាបញ្ហាការសុំចូលជាសមាជិកពីគណបក្សផ្សេង១២នាក់ និងសុំផ្លាកគណបក្សប្រជាជនកម្ពុជាដាក់នៅមុខផ្ទះ សុំឲ្យរៀបចំធ្វើបែបបទបញ្ចូលសមាជិកាបក្សជាបន្ទាន់ ហើយត្រូវទទួលពួកគាត់ដោយរាក់ទាក់ជាទីបំផុត។
ជាងនេះទៅទៀត លោកបានចុះតាមខ្នងផ្ទះ ដោយចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេចំនួន១០នាក់ និងគ្រួសារសព១នាក់ ហើយបន្ថែមពីលើមូលនិធិនេះ លោកបាននាំយកនូវអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន រួមមានថវិកា និងសម្ភារៈ មួយចំនួនដូចជា ប្រេងកូឡា, ប៊ីចេង និងប្រេងការពារសត្វ ល្អិតខាំ ចែកជូនបន្ថែមទៀត។
ក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានចែកប្រាក់ចិញ្ចឹមចលនាជូនសមាជិក-សមាជិកា គណកម្មាធិការបក្សភូមិ-ឃុំ ចំនួន៥៦នាក់ផងដែរ៕