(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ​ងារចុះជួយ​ឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានជំរុញទៅសមាជិកគាំទ្រ ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវចុះតាមខ្នងផ្ទះ សួរសុខទុក្ខប្រជាពលរដ្ឋស្វែល់ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង បង្កើតភាពស្និទ្ធស្នាល ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) បន្ថែមទៀត នៅថ្នាក់មូលដ្ឋាន។

លោកប្រាប់ឲ្យធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់​និន្នាការ​អ្វីឡើយ និងជំរុញឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងបម្រើសេវាសាធារណៈជូនពួកគាត់ឲ្យបានល្អ ខណៈពេលថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជិតមកដល់ពេលឆាបខាងមុខនេះ។

លោក សួស អង្គារ៍ លើកឡើងយ៉ាងដូច្នេះនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍ការងារបក្សប្រចាំ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីពង្រឹងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំទាំង២ នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល។

លោក សួស អង្គារ៍ បានបញ្ជាក់ថា «បន្ទាប់ពីបានបោះឆ្នោតជ្រើសរើស បេក្ខជនឃុំទាំង២កន្លងមក យើងជាសកម្មជនទាំងអស់ត្រូវចុះធ្វើសកម្មភាព ការងារបក្ស​នៅតាម​ខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាលតាមរយៈការចុះចែកមូលនិធិ តាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រានិងការងារផ្សេងៗទៀត »។ល។

លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវធ្វើយ៉ាងណា ត្រូវបម្រើសេវាសាធារណៈជូនពួកគាត់ ក្នុងករណីធម្មតា ក៏ដូចជាករណីចាំបាច់ ត្រូវបម្រើជូនពួកគាត់ឲ្យបានលឿន និងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់ បានផងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ​ ក៏ត្រូវចូលរួមអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ពិសេសការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផង។

បន្ទាប់មកលោកប្រធានបានដឹកនាំក្រុមការងារ អញ្ជើញចុះតាមខ្នង ផ្ទះប្រជាពលរដ្ឋចំនួន៣៨នាក់ ក្នុងនោះនៅឃុំតាម៉ឺនស្រ្តីសម្រាលកូនមាន១៥នាក់ និងគ្រួសារអ្នកមរណៈមាន៤នាក់ នៅឃុំអូរតាគី មានស្រ្តីសម្រាលកូន១៣នាក់ និងគ្រួសារអ្នកមរណៈ៦នាក់ ដោយម្នាក់ៗ បានទទួល២០ម៉ឺនរៀល ដោយឡែក ស្រី្តសម្រាលកូន២៨នាក់ ទាំង២ឃុំមានបន្ថែម​ឃីដ១កញ្ចប់ ជារបស់ប្រើប្រាស់​របស់កូនងាមាន៦មុខថែមទៀតផង។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនាឱកាសនោះ ប្រធានក្រុមការងារ ក៏បានជូនថវិកាដល់សមាជិកបក្សមូលដ្ឋាន ដែលអញ្ជើញមកពីឃុំទាំង២ចំនួន៧៤នាក់ម្នាក់ៗ ទទួលបាន​១០ម៉ឺនរៀល​ផងដែរ។

ស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកមរណៈទាំងអស់ ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំមូលនិធិសម្តេចក្រឡាហោម មកចែកជូនប្រជា​ពលរដ្ឋ​រៀងរាល់ខែ ដោយមិនប្រកាន់​និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែ​គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់​បានជួបប្រទះ​គ្រោះធម្មជាតិ​ផ្សេងៗ កន្លងមកក៏ដូចជាបច្ចុប្បន្ននិងអនាគត។

បន្ទាប់ពីបានថ្លែងអំណរគុណហើយ ពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូន​គណបក្សប្រជាជនកម្ពុជា​ក្រុម​ប្រឹក្សាឃុំ សង្កាត់នាដើមខែមិថុនា​ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀត បន្តកសាង​និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យកាន់តែរីកចម្រើន​បន្ថែមទៀត និង​បានទទួល​សុខសន្តិភាព​រៀងរហូតតទៅ៕