(ក្រចេះ)៖ សាខាកាំកុងត្រូលខេត្តក្រចេះដឹកនាំដោយលោក លាង បាក់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះទៅត្រួតពិនិត្យទីផ្សារស្រុកសំបូរ ជាលើកទី២ ដើម្បីស្វែងរកចាប់ទំនិញខូចគុណភាព និងត្រួតពិនិត្យតាមសាលារៀន ក្រែងក្រុមអាជីវករមួយចំនួន មានការធ្វេសប្រហែល យកផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព បន្តតាំងលក់ឲ្យអ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសក្មេងៗតូច ដែលបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ប្រតិបត្តិការស្វែងរក និងចាប់បង្រ្កាបទំនិញខូចគុណភាព នៅលើទីផ្សារស្រុកសំបូរ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានដកហូតយកពីក្រុមអាជីវករ មួយចំនួនរហូតដល់ទៅជាង១២០គីឡូក្រាម មានទឹកត្រី ទឹកស៊ីអ៊ីវ ដុំស៊ុបខ្នរ ភេសជ្ជ: និងរបស់របរប្រើប្រាស់ បរិភោគ មួយចំនួនផ្សេងទៀត។
ជាមួយនឹងការចុះ ទៅស្រុកសំបូរនោះផងដែរ សាខាកាំកុងត្រូល បានចុះត្រួតពិនិត្យដល់សាលាបឋមសិក្សាសំបូរ និងទីផ្សារឃុំសណ្តាន់ ដើម្បីស្វែងរកទំនិញខូចគុណភាព និងបានណែនាំក្រុមអាជីវករ កុំយកផលិតផលហួសកាលបរិច្ឆេទ បន្តតាំងលក់ឲ្យអ្នកប្រើប្រាស់ ជាពិសេសនំចំណី ដែលយកទៅលក់តាមសាលារៀន ដែលជាដើមហេតុបង្កឲ្យកុមារងាយឈឺ ប៉ះពាល់សុខភាព គ្រោះថ្នាក់ដល់អាយុជីវិត។
ក្រៅពីនេះ មន្ដ្រីជំនាញបានណែនាំពីវិធី និងរបៀប នៃការទុកដាក់ផលិតផល ឲ្យមានស្តង់ដារតាមលក្ខណៈត្រឹមត្រូវ និងហាមដាច់ខាត យកផលិតផលខូចគុណភាព ដាក់តាំងលក់បន្តទៀត ម្យ៉ាងវិញទៀត ក្រុមការងារសាខា និងសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញ តាមទីផ្សារទូទាំងខេត្តជាអចិន្រ្តៃយ៍ ដើម្បីត្រួតពិនិត្យ ស្វែងរកទំនិញខូចគុណភាពលើទីផ្សារ បង្ការទប់ស្កាត់ហានិភ័យ ដែលកើតឡើងដោយសារការហូបចុកប្រចាំថ្ងៃ។
បន្ថែមពីនេះ លោក លាង បាក់ បានសង្កត់ធ្ងន់ថា ពលរដ្ឋ ឬអ្នកប្រើប្រាស់ ជាពិសេសកុមារតូច នៅពេលទិញនំចំណីអាហារហួសកាលបរិច្ឆេទ ខូចគុណភាព ទៅបរិភោគ វានឹងធ្វើសុខភាពមានបញ្ហា ជួបអាការៈ រាគរូស ក្អួតចង្អោរ ហេវហត់ល្ហិតល្ហៃ អស់កម្លាំង អាចធ្វើឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា៕