(ឧត្តរមានជ័យ)៖ សមត្ថកិច្ចក្រុងសំរោង បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា នៅល្ងាចម្សិលមិញ មានភ្លៀង១មេ លាយលំជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៦ខ្នង និងសាលារៀនឈើ១ខ្នង ផងដែរ តែមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍ខ្យល់កន្ត្រាក់ កើតឡើងនៅភូមិពោធិ៍វង្ស និងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះធម្មជាតិនេះបានបង្ករឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន២៦ខ្នងផ្ទះ និងសាលារៀន១ខ្នង ក្នុងនោះមាន៖ របើកដំបូល ចំនួន១៩ខ្នងផ្ទះ ដួលរលំខូចខាតទាំងស្រុង ចំនួន៧ខ្នងផ្ទះ របើកដំបូលសាលារៀន១ខ្នង។
តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានបានធ្វើការជួសជុល និងរកកន្លែងសុវត្ថិភាព ដើម្បីម្ចាស់រងគ្រោះដោយខ្យល់កន្ត្រាក់ ស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំការជួសជុលរួចរាល់។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែ ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ៕