(ណុនថៈបុរី-ថៃ)៖ កម្មករជាងឈើជនជាតិខ្មែរ២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយបាក់បែងសាច់ បាក់ឆ្អឹង ខណៈដែលពួកគេទាំង២នាក់ កំពុងធ្វើការនៅជាន់ទី៣៩ ស្រាប់តែភ្លាត់ជើងធ្លាក់ព្រមគ្នាតែម្តង។ ហេតុការណ៍នេះកើតឡើងនៅទីតាំងអគារខុនដូ មីនៀម១ ដែលកំពុងសាងសង់ ស្ថិតក្នុងស្រុកបាងយ៉ៃ ខេត្តណុនថៈបុរី ប្រទេសថៃ។
យោងតាមសមត្ថកិច្ចកម្ពុជា ដែលនៅព្រំដែនទើបទទួលព័ត៌មាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ។
អ្នកម៉ៅការសាងសង់អាគារខុនដូរ បានប្រាប់សមត្ថកិច្ចថៃថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងផ្ទៃក្នុង ដែលធ្វើឡើងអំពីឈើ ប៉ុន្តែមិនបានដឹងថា បណ្តាលមកពីមូលហេតុអ្វីច្បាស់លាស់នោះដែរ ដែលធ្វើឲ្យពួកគេទាំង២នាក់ ធ្លាក់មកដល់ដីបែបនេះ។
បើតាមសមត្ថកិច្ច សាកសពរងគ្រោះទី១៖ ឈ្មោះ ភឿន ស៊ិន អាយុ២២ឆ្នាំ និងទី២៖ ឈ្មោះ មូល កុសល អាយុ២២ឆ្នាំ ហើយពួកគេ បានមកធ្វើការនៅប្រទេសថៃ ជាជាងឈើ នៅក្នុងទីតាំងនេះ យូរមកហើយ តែមិនទាន់ដឹងថា មកពីស្រុកណា នៅក្នុងប្រទេសកម្ពុជានោះទេ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅពិនិត្យលើទីតាំងកើតហេតុ ដើម្បីរកមូលហេតុ នៃការធ្លាក់របស់ពលករកម្ពុជាទាំង២រូបនេះ។ បច្ចុប្បន្នសពពលករទាំង២នាក់ ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីប្រគល់ជូនសាច់ញាត់ យកធ្វើបុណ្យតាមប្រពៃណី៕