(កំពង់ឆ្នាំង)៖ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ជូនកម្មករនិយោជិត បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុវត្តន៍យុទ្ធនាការបណ្ដុះបណ្ដាល ប្រឡង និងផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិត បានចំនួន ២,១៤១បណ្ណ នៅទូទាំង២៥រាជធានី-ខេត្ត។

ជាក់ស្ដែង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប.ស.ស បានបន្ដអនុវត្តន៍យុទ្ធនាការ ចុះចែកបណ្ណបើកបរដល់អ្នកបើកបររថយន្ដដឹកកម្មករ នៅរោងចក្រ JIUN YE GARMENT (CAMBODIA) CO.,LTD ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំផ្ទាល់របស់ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាតំណាងរបស់ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស។

លោក ជាវ ប៊ុនរិទ្ធ បានឲ្យដឹងថា ប.ស.ស បានសហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះបណ្ដុះបណ្ដាល ប្រឡង និងផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្ដដឹកកម្មករ ដែលបានប្រឡងជាប់ជាស្ថាពរ បានចំនួន ១៨៣បណ្ណ គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

លោកបានបន្តថា «រោងចក្រកាត់ដេរនៅទូទាំង ២៥រាជធានី-ខេត្ត មានចំនួន ១,០៨៨រោងចក្រ និងមានកម្មករនិយោជិត ជាង៨០ម៉ឺននាក់ ហើយអ្នកបើកបររថយន្ដដឹកកម្មករមាន ជាង៤,០០០នាក់»។

សម្រាប់ខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្ដដឹកកម្មករមាន ជាង៣០០នាក់ ក្នុងនោះ អ្នកដែលមានបណ្ណបើកបរមានចំនួន ៩២នាក់ ស្មើនឹង ២៧ភាគរយ។ ដោយឡែក អ្នកដែលគ្មានបណ្ណបើកបរ មានចំនួន ២៥៥នាក់ ស្មើនឹង ៧៣ភាគរយ។ ចំពោះអ្នកដែលគ្មានបណ្ណបើកបរ ប.ស.ស បានសហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូន ចុះបណ្ដុះបណ្ដាល ប្រឡង និងផ្ដល់បណ្ណបើកបរ បានចំនួន ៥លើកហើយ គឺស្មើនឹង ៤០៧បណ្ណ (ប្រភេទ ខ ចំនួន២៥៥បណ្ណ និងប្រភេទ ឃ២ ចំនួន១៥២បណ្ណ)។

លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០១៧នេះ ប.ស.ស បានដាក់ចេញផែនការកម្មវិធី ចុះបណ្ដុះបណ្ដាល ប្រឡង និងផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបរដឹកកម្មករ ដែលគ្មានបណ្ណបើកបរបន្ថែមទៀត» ដោយឲ្យពួកគាត់ចូលរួមប្រឡងយកបណ្ណបើកបរ ប្រភេទ «ខ»។ ចំពោះអ្នកដែលមានបណ្ណបើកបរប្រភេទ «ខ» ឬ «គ» ហើយ ត្រូវចូលប្រឡងយកបណ្ណប្រភេទ «ឃ២» ទៀត ដើម្បីឲ្យស្របតាមប្រភេទយានយន្ដ ដែលច្បាប់បានកំណត់។

ជាមួយគ្នានេះ ប.ស.ស នឹងបន្ដចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក, សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូន, អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព ដើម្បីបញ្ជ្រាបរាល់ចំណេះដឹង និងចំណេះធ្វើដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករទាំងឡាយ។

លោក ជាវ ប៊ុនរិទ្ធ បានផ្ដាំផ្ញើដល់អ្នកបើកបរទាំងអស់ «ត្រូវគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះកម្មករ ត្រូវត្រួតពិនិត្យយានយន្ដ មុនពេលចេញដំណើរ ហាមបើកបរលើសល្បឿនកំណត់ ហាមបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហាមបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងហាមបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត»។ ចំពោះកម្មករ-កម្មការិនី ទោះធ្វើដំណើរទីជិត ឬឆ្ងាយ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ៕