Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិបារាំង និងជប៉ុន៣នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់វាយខ្នោះ ពាក់ព័ន្ធគ្រឿងញៀន នៅកោះរ៉ុងសន្លឹម

25-02-2017 17:05

(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ​ខេត្តព្រះសីហនុ សហការជាមួយកម្លាំងប្រចាំការនៅសង្កាត់កោះរ៉ុង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឃាត់ខ្លួនជនបរទេស៣នាក់ ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន នៅកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង។

មន្ដ្រីនគរបាលដែលចូលរូមប្រតិ​បត្តិការនេះ បានឲ្យដឹងថា ជនបរទេសដែលចាប់បាននេះ ទី១៖ ឈ្មោះ Kengo Yasu Kawa អាយុ៣៥ឆ្នាំ ជនជាតិជប៉ុន, ទី២៖ ឈ្មោះ Pierre Jean Firmin អាយុ២៧ឆ្នាំ ជនជាតិបារាំង និងទី៣៖ ឈ្មោះ Lauri Berther អាយុ២២ឆ្នាំ ជនជាតិបារាំង។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន កញ្ឆក្រៀម៥កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ប៉ុន្ដែពេលឃាត់ខ្លួន ជនបរទេសទាំង៣នាក់នេះ មិនមានលិខិតឆ្លងដែនជាប់ខ្លួននោះទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដ៕