(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិបានប្រកាសកាលពីម្សិលមិញថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ខាងមុនេះ ពោលគឺនៅសល់ចំនួន៥ថ្ងៃទៀត ប៉ុណ្ណោះ CNRP នឹងទទួលបានប្រធាននិងអនុប្រធានគណបក្សថ្មី។ នៅថ្ងៃសៅរ៍នេះលោក ផៃ ស៊ីផាន ក្នុងនាមទស្សនៈផ្ទាល់ខ្លួន សុំបញ្ចេញទស្សនៈ ចំនួន៤ចំណុចតាមរយៈអង្គភាពព័ត៌មាន Fresh News។ លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖
ទស្សនៈរបស់ខ្ញុំចំពោះ ការៀបចំរចនាសម្ព័ន្ធសារជាថ្មីរបស់គណបក្សសង្គ្រោះជាតិ គឺមានទិដ្ឋភាពចំនួន៤ ដែលខ្ញុំយល់ឃើញថា៖
ទិដ្ឋភាពទី១៖ ខ្ញុំយល់ឃើញថា ការអនុម័តធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់ឱកាសដ៏ធំធេងដល់ CNRP ក្នុងកិច្ចពង្រឹងវិសាល ភាពប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស និងឱកាសអនុវត្តតាមប្រព័ន្ធរបស់គណបក្ស ដែលមិនស្លាប់រស់ជាមួយនិងបុគ្គល បើទោះបីជាមានការ ប្រទាញប្រទង់ នៃការប្រជែងអំណាចរវាងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា យ៉ាងណាក៏ដោយ។ នេះជាឱកាសនៃការធ្វើកំណែទម្រង់របស់គណបក្ស ដែល CNRP ពុំធ្លាប់មាន។
ទិដ្ឋភាពទី២៖ ជាសារនយោបាយពិតប្រាកដណាស់ ឆ្លើយតបដល់មជ្ឈដ្ឋានបរទេស ដែលមាននិន្នាការ និងពុំយល់ច្បាស់អំពីសារប្រយោជន៍ សណ្តាប់ធ្នាប់នយោបាយរបស់កម្ពុជា ដែលគេទាំងអស់នោះ បានសម្តែងនូវការបារម្ភជាមួយ និងការប្រមាថវាយប្រហារដល់សភាជាតិកម្ពុជា ដែលធ្វើការអនុម័តនូវច្បាប់នេះ។
ទិដ្ឋភាពទី៣៖ ក៏ជាសារឆ្លើយតបចំពោះបរទេស ដែលវិនិច្ឆ័យខុសតាមរយៈពាក្យប្រមាថថា លទ្ធិប្រជាធិបតេយ្យកម្ពុជា បានស្លាប់ និង CNRP ត្រូវរលាយ ដែលផ្ទុយពីការលើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទី ដែលថា CNRP នៅតែរឹងមាំដដែរ ប្រកបដោយថាមពលរស់រវើក ក្នុងកិច្ចប្រកួតប្រជែងការបោះឆ្នោតខាងមុខ។
ទិដ្ឋភាពទី៤៖ ការប្រជុំសម្រេចរបស់សមាជិកសភារបស់ CPP មិនត្រឹមតែផ្តល់ឱកាសដល់ប្រជាជាតិខ្មែរ ដែលទទួលបានថ្នាក់ដឹកនាំនៅក្នុង គណបក្សនយោបាយ ស្អាតស្អំ គ្មានពិរុទ្ធភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែបានចូលរួមចំណែកផ្តល់ឱកាសនៃកិច្ចកំណែទម្រង់នយោបាយផ្ទៃក្នុងរបស់ CNRP ដែលជួបនឹងភាពស្មុគ្រស្មាញជាច្រើន ក្នុងការប្របាច់បញ្ជូលគ្នារវាងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា៕