(ភ្នំពេញ)៖ ផលិតផលថ្មីមួយទៀត របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា នឹងចាប់ផ្តើមមានវត្តមានក្នុងទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មាននរណាម្នាក់អាចបញ្ជាក់បានទេថា នេះជាផលិតផលអ្វីនៅឡើយទេ។
ការលើកឡើងបែបនេះ ដោយសារក្នុងពេលថ្មីៗនេះ គេសង្កេតឃើញមានវីដេអូពាណិជ្ជកម្ម របស់ផលិតផលថ្មីមួយ បានចាប់ផ្តើមចាក់ផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍នានា និងឃើញផ្ទាំងពាណិជ្ជកម្មផលិតផលដដែលនេះ បានបង្ហាញខ្លួននៅតាមដងវិថីសំខាន់ៗមួយចំនួន ក្នុងប្រទេសកម្ពុជា រួមមាន នៅជិតអាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ ជិតរង្វង់មូលសម្តេចសង្ឃជួនណាត នៅលើផ្លូវជាតិលេខ៤ ច្រកចូលក្រុងព្រះសីហនុ និងនៅតាមវិថីមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
ក្នុងផ្ទាំងពាណិជ្ជកម្ម គេឃើញបុរសម្នាក់ក្នុងឈុតខ្មៅ កំពុងដើរសំដៅ ទៅរករទេះមួយ ក្នុងចម្ការស្រូវសាលីពណ៌លឿងទុំយ៉ាងស្រស់ស្អាត អមដោយពាក្យស្លោក «ស្វែងរកពិភពអច្ឆរិយពណ៌ខ្មៅ ដ៏អស្ចារ្យរបស់អ្នក ឬ FIND YOUR BLACK WONDERLAND»។ គេក៏សង្កេតឃើញមានទំព័រហ្វេសប៊ុកថ្មី មួយឈ្មោះថា «Barrley Black» (https://www.facebook.com/BarrleyBlack/) ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់ផ្ទាំងពាណិជ្ជកម្មផលិតផលមួយនេះ ជារូបក្នុង Profile និង Cover Page ផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានទស្សន៍ទាយថា «Barrley Black» ជាឈ្មោះស្រាបៀរទឹកខ្មៅប្រភេទថ្មី របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនោះទេថា «Barrley Black» ពិតជាឈ្មោះផលិតផលថ្មី ហើយវាពិតជាស្រាបៀរទឹកខ្មៅមែន ឬយ៉ាងណានោះទេ៕