(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភ ឆ្នាំ២០១៧នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុន ហេង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ដែលបានបន្ដមកពិនិត្យ និងព្យាបាលជំងឺ ដោយគិតថ្លៃ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោករដ្ឋមន្ដ្រីបានថ្លែងថា កម្មវិធីលើកកម្ពស់ និងផ្តល់សេវាកម្មសុខភាពទូទៅ ដែលមានដូចជា ពិនិត្យភ្នែក ច្រមុះ ត្រចៀក បំពង់ករ បេះដូង និងជំងឺផ្សេងៗទៀត ជូនប្រជាពលរដ្ឋជាង៥០០នាក់ របស់មន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដោយឥតគិតថ្លៃ នៅថ្ងៃនេះ នឹងជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋ កាន់តែប្រសើរមួយចំណែកទៀត ដោយមានពេទ្យជំនាញហើយ សេវាកម្មល្អថែមទាំង ពិសេស ក្រសួងសុខាភិបាល ក៏ដូចជាដៃគូពាក់ព័ន្ធ នឹងនាំសេវាព្យាបាលនេះ មកខិតកាន់តែជិត ដល់ផ្ទះប្រជាពលរដ្ឋទាំងម្ដង ហើយនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការ យកសេវាព្យាបាលប្រជាពលរដ្ឋនេះ ឲ្យកាន់តែញឹកញាប់ជាងមុនជូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ដ្រីថ្លែងទៀតថា «តែក្នុងឱកាសនេះ ខ្ញុំក៏សូមផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋយើងទាំងអស់ ពិសេសនៅតាមភូមិដាច់ស្រយាល សូមកុំទៅចាក់ថ្នាំជាមួយនឹងពេទ្យដើរតាមភូមិផ្ដេសផ្ដាស ឲ្យសោះ ព្រោះថា អ្នកខ្លះមិនមែនជាពេទ្យអីទេ គ្រាន់តែចេះចាក់ថ្នាំគេ ចេះតែដើរចាក់គ្មានវិជ្ជាជីវៈ និងមានច្បាប់ត្រឹមត្រូវនោះទេ ដូច្នេះ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ដោយពេលខ្លះឆ្លងរោគ ដូចនៅឃុំរកា ខេត្ដបាត់ដំបង និងស្លាប់បាត់បង់ជីវិត ផងដែរ ដូចករណីនៅខេត្ដស្វាយរៀងកន្លងទៅនេះចឹង»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនៗរបស់ខ្លួនញៀនគ្រឿងញៀន សូមកុំទុកកូនចោលឲ្យសោះ ត្រូវយកកូនមកពិនិត្យព្យាបាលជំងឺនេះ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋឯកជន មណ្ឌលសុខភាព និងតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានទីតាំងនៅជិតផ្ទះរបស់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ព្រោះគ្រូពេទ្យរបស់យើង នឹងចាំព្យាបាល និងផ្ដល់ប្រឹក្សាដល់ពួកគាត់គ្រប់ពេលវេលា។
ព្រមជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដំាដល់ប្រជាពលរដ្ឋទាំងអស់ថា មុននឹងបរិភោគអ្វីត្រូវតែពិនិត្យមើលកាលកំណត់ផង ហើយសម្រាប់បន្លែផ្លែឈើក៏ដូចគ្នា ត្រូវតែលាងសម្អាតឲ្យបានស្អាត កុំឲ្យមានករណីពុលអាហារ និងករណីផ្សេងៗទៀត៕