(ព្រៃវែង)៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ និងមានការសម្របសម្រួល ពីលោក មាស សុភក្រ័ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកម្លាំងជំនាញមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយឯក គឹម ផានី បានចុះប្រតិបត្តិបង្រ្កាបករណីជួញដូរ និងចែកចាយសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនបានសង្ស័យប្រុស-ស្រី២នាក់ ដកហូត ម៉ូតូ១គ្រឿង , ថ្នាំញៀន២០កញ្ចប់ និងសម្ភារមួយចំនួនទៀត។
ការចុះប្រតិបត្តិបង្រ្កាបករណីជួញដូរ និងចែកចាយសារធាតុញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៣៖៤៥រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បាលស្ពាន អ្នកលឿងត្រើយខាងកើត ស្ថិតិនៅភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យ២នាក់នេះ ឈ្មោះ អួន សំអូន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំភ្លាញ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ មឿន សុផារី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងវត្ថុតាងរួមមាន៖ ១,ម្សៅក្រាមពណ៌សចំនួន២០កញ្ចប់ទម្ងន់១០,១២ក្រាម ២,ទូរសព្ទ័ដៃចំនួន០៤គ្រឿង ៣,ម៉ូតូស្កុបពី ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងធ្វើការឃាត់ខ្លួននិងរក្សាទុកនៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕