ស្រីម្នាក់ត្រូវឃាតកចាក់សម្លាប់ ដល់ក្នុងបន្ទប់ទឹកលើផ្ទះ នៅស្រុកសំបូរ, សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងតាមចាប់
25-02-2017 13:53
(ក្រចេះ)៖ ស្ដ្រីវ័យ៤៣ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យចូលទៅចាក់សម្លាប់ ដល់ផ្ទះនៅក្នុងបន្ទប់ទឹក នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូ ខេត្តក្រចេះ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ដ្រីដែលត្រូវជនសង្ស័យចាក់សម្លាប់ ឈ្មោះ អ៊ី គឹមទ្រី អាយុ៤៣ឆ្នាំ។ បើតាមនគរបាលជំនាញគឺ សាកសពដេកស្លាប់នៅក្នុងបន្ទប់ទឹក បាក់ករ និងមានស្នាមចាក់ (ដោយប្រើវត្ថុរឹង)ចំគុម្ពត្រចៀក ហើយកម្លាំងជំនាញសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន។
ក្រោយពីពិនិត្យសាកសពទីកន្លែងហេតុ និងសាកសួរ ប្រមូលព័ត៌មាន ជុំវិញរឿងហេតុខាងលើ ជំនាញកំណត់មុខសញ្ញាជនសង្ស័យ ទៅលើឈ្មោះ កាន់ វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ព្រោះក្រោយពីកើតហេតុជនសង្ស័យខាងលើ បាននាំប្រពន្ធ កូន រើយកអ៊ីវ៉ាន់ចេញពីផ្ទះ ដែលគេជួលនៅជិតផ្ទះជនរងគ្រោះ ក៏ឡើងរថយន្តចេញពីចំណុចកើតហេតុទៅបាត់។
បច្ចុប្បន្នកម្លាំងនគរបាល កំពុងកសាងសំណុំរឿងបញ្ចូន ទៅការិយាលយ័ជំនាញខេត្ត ដើម្បីស្វែងរកចាប់មុខសញ្ញាចាត់ការតាមនីតិវិធី៕