(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ​បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពីបទជួញដូរថ្នាំញៀន បន្ទាប់ពីកម្លាំងអាវុធហត្ថ​ស្រុកសង្កែ សហការជាមួយកម្លាំងអាវុធហត្ថ​ស្រុកមោងឬស្សី បានបង្រ្កាប និងឃាត់ខ្លួនជាបន្តបន្ទាប់រួចមក។

​មន្រ្តីការិយាល័យជំនាញអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅរសៀលថ្ងៃទី​២៤ ខែ​កុម្ភៈម្សិលមិញ នៅត្រង់ចំណុចភូមិ​អូសទូក ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ កម្លាំងអាវុធហត្ថស្រុកសង្កែ បានចុះសហការជាមួយកម្លាំងមូលដ្ឋានស្រុកមោងឫស្សី និងកម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បាន​​ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិន បូរ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម៉ាទឹកកកក ចំនួន​១០​កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង និង​ម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ផ្លាកលេខ​ បាត់ដំបង 1V-3329​។
   
លុះដល់ នៅយប់ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ សហការបន្តជាមួយកម្លាំង​ការិយាល័យ​ជំនាញ និងកម្លាំងអាវុធហត្ថស្រុក មោងឬស្សី ​​ឃាត់ខ្លួនជនសង្ស័យ២នាក់​ទៀត ទី១៖ឈ្មោះ ចាន់ លី​ អាយុ​៣៣​ឆ្នាំ និងទី២៖​ឈ្មោះ នុត សុគន្ឋ អាយុ​៣៦​ឆ្នាំ  ដកហូតបាន គ្រឿងញៀនប្រភេទ ម៉ាទឹកកក ១​កញ្ចប់, ទូរស័ព្ទដៃ​៣​គ្រឿង និងរថយន្ត​១​គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានអាវុធហត្ថជំនាញបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕