​(កំពង់ធំ)៖ យ៉ាងហោចណាស់ជនជាតិចិន និងខ្មែរ៤នាក់ បានរងរបួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែល​រថយន្ដ​បើកគេចម៉ូតូ​ជ្រុលចង្កូត ហោះធ្លាក់ប្រឡាយទឹកខូចខាតរថយន្ដ ស្ទើរតែទាំងស្រុង។ ហេតុការណ៍នេះបាន​កើតឡើងនៅ​ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិប្រដិត ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Luxes ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-9608 បើកបរក្នុង ល្បឿនលឿន ដឹកភ្ញៀវជនជាតិចិនមកពីភ្នំពេញ ទៅខេត្តសៀមរាប លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ១គ្រឿង ជិះឆ្លងថ្នល់ ដែលជាហេតុនាំឲ្យ អ្នកបើកបររថយន្តគេចធ្លាក់ថ្នល់ ទៅខាងឆ្វេងដៃរបស់ខ្លួន ហើយរថយន្តបានហោះឆ្លងកាត់ ប្រឡាយទឹក ដែលមានទទឹងប្រហែល៥ម៉ែត្រ ទៅធ្លាក់នៅម្ខាងប្រឡាយ បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្ត រងរបួសធ្ងន់ទាំង៤នាក់ ក្នុងនោះខ្មែរម្នាក់ ជាអ្នកបើកបរឈ្មោះ ម៉ុក អង្គារស្មី អាយុ៣២ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បាក់ជើង និងជនជាតិចិន៣នាក់ទៀត រងរបួសធ្ងន់ដូចគ្នាក្នុងនោះ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក៕​