(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ ចុះជួបសំណាលសំណាលសួរទុក្ខ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយ។
នៅក្នុងពិធីផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្រ្ជៀច នាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារតាមឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ និងមិនត្រូវគិតពីនិន្នាការនយោបាយនោះទេ ពិសេសត្រូវខិតខំធ្វើអំពើល្អ បើគោលនយោបាយបក្សល្អហើយ បេក្ខជនមិនល្អក៏មិនអាចទៅរួចនោះដែរ។
ទន្ទឹមនោះនាយឧត្តមសេនីយ៍ បានស្នើឲ្យត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគ្មានការកោសរូស ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោកបញ្ជាក់ថា «ដើម្បីឲ្យសមាជិកបក្សយើងម្នាក់ សន្លឹកឆ្នោតមួយវាទាមទារឲ្យបក្សយើងល្អ បេក្ខជន សមាជិកយើងល្អ និងទាមទារឲ្យយើង កែការខ្វះខាត ទាមទារអំពើល្អរបស់យើង ដើម្បីប្រកួតប្រជែងជាមួយបក្សដទៃ ពិសេសមានសាមគ្គីភាពផ្ទៃក្នុងល្អ»។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យកម្លាំងនគរបាល មានសមត្ថកិច្ចទាំងពីរស្រុកត្រូវពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកន្លែងងាយរងគ្រោះ ដូចជា៖ កន្លែងរកស៊ីលក់មាស ប្តូរប្រាក់ វេរប្រាក់ និងបន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះក្រុមការងារត្រូវបន្តចុះចែកមូលនីធិសប្បុរសម្តេចក្រឡាហោម ស ខេង ចំពោះស្រ្តីសម្រាលកូន និងគ្រួសារសព។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាដល់គណបក្ស ស្រុកស្វាយអន្ទរ ចំនួន១លានរៀល, គណបក្សស្រុកកញ្រ្ជៀច ចំនួន ១លានរៀល, សមាជិកអចិន្រ្តៃយន៍បក្សទាំងពីរស្រុក៣១នាក់ ម្នាក់៥ម៉ឺនរៀល, មេបក្សឃុំ ទាំងពីរស្រុក២៩នាក់ ម្នាក់៥ម៉ឺនរៀល និងយុវជនទាំងពីរស្រុក ៤៤នាក់ ម្នាក់ម៉ឺនរៀល សរុបថវិកាចំណាយ៧លាន២សែនរៀល៕