(ភ្នំពេញ)៖ សាលាអន្ដរជាតិ ហ្សាម៉ាន់ បានសហការជាមួយវិទ្យាស្ថានសន្ទនាមេគង្គ (MDI) អង្គការភាសាវប្បធម៌អន្ដរជាតិ (ILCO) នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានរៀបចំមហោស្រពភាសា និងវប្បធម៌អន្ដរជាតិ (IFLC) ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមតាំង ពិព័រណ៍ពីបណ្ដា៤៥ប្រទេសផងដែរ។
មហោស្រព និងវប្បធម៌អន្ដរជាតិនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសអន្ដរជាតិដទៃទៀត និងបង្ហាញពីការស្ងោចសសើរ នូវតួនាទីដ៏រស់រវើកនៃម្ហូបអាហារ វប្បធម៌ និងសិល្បៈ សំម្លៀកបំពាក់ ប្រពៃណីផ្សេងៗគ្នា។ មហោស្រពនេះ មានដាក់តាំងពិព័រណ៍ចំនួន៤៥ស្ដង់ ដោយក្នុង១ស្ដង់ៗ មានការតាំងពិព័រណ៍ម្ហូបអាហារ សំម្លៀកបំពាក់ វប្បធម៌ សិល្បៈ របស់ប្រទេសនីមួយៗ។ លើសពីនេះក៏មានការសម្ដែងរបាំង ការច្រៀង រាំ តាមប្រពៃណីរបស់ប្រទេសផ្សេងៗគ្នាផងដែរ។
កញ្ញា ផល ម៉ារីណា នាយកប្រតិបត្តិអង្គការ ILCO បានថ្លែងឲ្យដឹងថា មហោស្រពភាសា និងវប្បធម៌អន្ដរជាតិ គឺជាកម្មវិធីដែលអង្គការ ILCO រៀបចំឡើងក្នុងគោលបំណង បង្កើតភាពជិតស្និត រវាងសហគមន៍ផ្សេងៗតាមរយៈសិល្បៈ និងវប្បធម៌ និងបង្កើតការយល់ដឹងអំពីសារៈសំខាន់ នៃវប្បធម៌ការកសាងសន្ដិភាព។ កន្លងមកមហោស្រពភាសា និងវប្បធម៌អន្ដរជាតិ បានទទួលជោគជ័យ និងកំលាំងចិត្តយ៉ាងខ្លាំងក្លា ក្នុងការបន្ដរៀបចំមហោស្រពនេះ រួមជាមួយអ្វីដែលថ្មី។
កញ្ញាបន្ដថា ដោយឡែកស្ដង់វប្បធម៌ តំណាងឲ្យប្រទេសផ្សេងៗគ្នា មានការកើនឡើងពី១៣ប្រទេសក្នុងឆ្នាំ២០១៥ ចំនួន៣៣ប្រទេសពីឆ្នាំ២០១៦ កើនរហូតដល់៤៥ប្រទេសក្នុងឆ្នាំ២០១៧ ហើយសម្រាប់អ្នកចូលរួមកើតឡើងពីចំនួន៣ពាន់នាក់ រហូតមកដល់៥ពាន់នាក់ ក្នុងឆ្នាំ២០១៦។
លោក សោម សុគន្ធ បានឲ្យដឹងថា ការរៀបចំមហោស្រពនេះ ពិតជាមានអត្ថប្រយោជន៍ និងមានន័យខ្លឹមសារខ្លាំងណាស់ ហើយនេះស្ដែងឲ្យឃើញនូវការខិតខំ យកមកបង្ហាញអំពីភាពសម្បូណ៍បែប និងលក្ខណៈដោយឡែកទីទៃពីគ្នា នៃវប្បធម៌របស់មនុស្សជាតិ ក្នុងពិភពលោក។
លោកបន្ដថា មហោស្រពលើកទី៣នេះ ដែលអង្គការភាសា និងវប្បធម៌អន្ដរជាតិរៀបចំលើកនេះ មានប្រទេសប្រមាណជា៤៥ប្រទេស ចូលរួមដោយមានទាំង ការរៀបចំតាំងពិព័រណ៍បង្ហាញផលិតផលវប្បធម៌ ការសម្ដែងរបាំ ចម្រៀងខ្មែរ ពីប្រទេសនានាទៀតចូលរួមផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលសាលាអន្ដរជាតិហ្សាម៉ាន់ រៀបចំកម្មវិធីមហោស្រព ភាសា និងវប្បធម៌អន្ដរជាតិ ការៀបចំនេះ ដើម្បីបង្កើននៅទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជិតខាង ក៏ដូចជាពង្រីកផ្សព្វផ្សាយវប្បធម៌ដ៏ល្អឯក របស់កម្ពុជាដល់ប្រទេសជិតខាងឲ្យបានដឹង ឲ្យបានស្គាល់៕