(ស្វាយរៀង)៖ លោកស្រីបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង បានជម្រុញដល់សមាជិកគណៈកម្មាធិការគណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ត្រូវខិតខំលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់បក្សនៅមូលដ្ឋាន តាមរយៈការពង្រឹងអង្គការចាត់តាំងរបស់គណបក្សឃុំ-សង្កាត់ សាខាបក្សភូមិ និងក្រុមបក្ស។
ការលើកឡើងរបស់លោកស្រី ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងបែបនេះ ក្នុងឱកាសលោកស្រីអញ្ជើញ ចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយ ខេត្តស្វាយរៀងដំណាក់កាលទី៦ លើកទី១១-១២ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី៦ លើកទី១៣ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដែលមានសមាជិកចូលរួមប្រមាណជិត១០០០នាក់ផងដែរ។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា គ្រប់ទីស្នាក់ការគណបក្សឃុំ-សង្កាត់ ត្រូវរៀបចំកែលម្អរឲ្យបានសមរម្យមានអនាម័យសោភ័ណ្ឌភាពបដា ពាក្យស្លោកស្លាកសញ្ញាគណបក្ស និងត្រូវមានមន្ត្រីគណបក្សប្រចាំការពេញម៉ោង ដើម្បីធ្វើជាទីបញ្ជាការដឹកនាំសម្រាប់សម្រួលទំនាក់ទំនង និងជាមជ្ឈមណ្ឌលប្រមូលកម្លាំងគាំទ្រគណបក្ស សម្រាប់ការបោះឆ្នោត ជូនគណបក្សពិសេសជាកន្លែងធ្វើការរបស់ក្រុមបេក្ខជនគណបក្ស។
លោកស្រី ម៉ែន សំអន បានលើកឡើងបន្តទៀតថា ប្រធានគណបក្សស្រុកក្រុងទូទាំងខេត្ត ត្រូវបំពេញសំណុំបែបបទ និងឯកសាររបស់បេក្ខជន ដើម្បីដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ តាមលក្ខណៈសម្បត្តិ និងការកំណត់នៃច្បាប់ បទបញ្ជានីតិវិធីនៃការបោះឆ្នោត ហើយត្រូវចុះហត្ថលេខាដោយប្រធានគណបក្ស ស្រុក-ក្រុង ដែលជាតំណាងរបស់សម្តេចប្រធានគណបក្ស ដែលត្រូវបានសម្តេចប្រធាន គណបក្សផ្ទេរសិទ្ធិឲ្យ ជាលាយលក្ខ័អក្សររួចហើយ និងត្រូវដាក់ពាក្យឲ្យបានចប់សព្វគ្រប់មុនគេ គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្តនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។
លោកស្រីក៏បានជម្រុយឲ្យ ក្រុមកាងារបក្សត្រូវពង្រឹងពង្រីកសមាជិកបក្សក្តាប់ និងដោះស្រាយ ឆ្លើយតបឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ ទាំងសេវា សំណូមពរ តាមរយៈវេទិការសាធារណៈតាមភូមិនីមួយៗ ពិធីសម្ភោធសមិទ្ធផលតូចធំនានា ទាំងពុទ្ធចក្រ និងអាណាចក្រ ជម្រុញការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត លើគ្រប់វិស័យសំដៅបង្កើនជីវភាពរស់នៅជូនប្រជាជន។
ជាមួយនេះដែរ បេក្ខជនត្រូវបន្តគ្រប់គ្រងកម្លាំង ដោយត្រូវក្តាប់ឲ្យបានច្បាស់លាស់ សមាជិកគណបក្សដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត មានមុខជាអចិន្ត្រៃនៅមូលដ្ឋានប៉ុន្មាននាក់? ចំណាកស្រុកទៅរកស៊ីក្រៅខេត្តប៉ុន្មាន? កម្មករតាមរោងចក្រ សហគ្រាសប៉ុន្មាននាក់? ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើសកម្មភាព។
លោកស្រី ម៉ែន សំអន បានលើកឡើងអំពីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ អង្គការ សមាគមដាក់ប្រាក់ឲ្យប្រជាពលរដ្ឋខ្ចីថា មិនមែនជារបស់រដ្ឋនោះទេ គឺជារបស់ឯកជនសូមបងប្អូនកុំយល់ច្រឡំ។ មិនតែប៉ុណ្ណោះ ក្រុមការងារបក្សត្រូវផ្សព្វផ្សាយសេវាមួយចំនួន ដែលរាជរដ្ឋាភិបាលបានអនុគ្រោះមិនយកប្រាក់រួមមានការធ្វើសំបុត្រអាពាហ៌ពិពាហ៌ អត្តសញ្ញាណបណ្ណ័ សៀវគ្រួសារ សំបុត្រកំណើតជាដើម៕