(រតនគិរី)៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបន្តប្រតិបត្តិការចុះបង្ក្រាប ការដឹកជញ្ជូនឈើនោះ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានស្ទាក់ចាប់រថយន្តប្រកុង១គ្រឿង និងឈើ៦កំណាត់ (សុក្រំ៥, ផ្ចឹក១) ដែលស្តុកទុក ដើម្បីនាំចេញទៅវៀតណាម។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីភ្នាក់ងារតាមទូរស័ព្ទភ្លាម លោកបានបញ្ជូនកម្លាំង អ-ហ ខេត្ត៣នាក់ និងកម្លាំង អ-ហ ស្រុកបរកែវ៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេស សន្តិសុខនៃទី បញ្ជាការ អ-ហ ខេត្ត ចុះប្រតិបត្តិការបង្ក្រាប ហើយប្រទះឃើញរថយន្តប្រកុង និងឈើ៦កំណាត់ត្រង់ចំណុច UTM(745928, 1493727) ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងដីក្រុមហ៊ុន ហ្សូម វ៉ាង ខេមបូឌា អ៊ិនវេសមិន ហើយកម្លាំងស្ទាក់ចាប់ជាប់តែម្តង ប៉ុន្តែអ្នកបើករថយន្តប្រកុងដឹកឈើនោះរត់គេចខ្លួនបាត់។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វត្ថុតាងរថយន្តប្រកុង១គ្រឿង និងឈើ៦កំណាត់ស្មើនិង៧,១៤៤ម៉ែត្រគូប ត្រូវបានលោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់ព្រៃឈើ។
សម្រាប់យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ឲ្យដឹងថា កម្លាំង អ-ហ ខេត្ត នឹងអនុវត្ត តាមបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដូចភ្លៀងរលឹម បើទោះបីការប្រតិបត្តិការកន្លងមក ជួបឧបសគ្គ ក៏មិនរាថយនោះដែរ ពោលគឺអនុវត្តឲ្យខានតែបាន៕