(ភ្នំពេញ)៖ មុនបញ្ចប់គម្រោងសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានមួយចំនួន នៃពហុកីឡដ្ឋានមរតកតេជោ នាដើមខែមេសាខាងមុខ ថ្ងៃនេះសារព័ត៌មាន Fresh News សូមបង្ហាញនូវរូបភាព ៥សន្លឹក ដែលបង្ហាញពីភាពស្រស់ស្អាតនៃពហុកីឡដ្ឋាន ត្រៀមទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវនេះ នឹងបញ្ចប់ការសាងសង់នាចុងខែមិនាខាងមុខ ហើយពិធីសម្ពោធគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសានេះ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង។
សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ហើយជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។
សូមទស្សនារូបភាព ៥សន្លឹក ដែលទទួលបានពីភ្នាក់ងារសារព័ត៌មាន Fresh News តែគ្រាន់ជារូបភាពមួយផ្នែកនៃពហុកីឡដ្ឋានមរតកតេជោតែប៉ុណ្ណោះ៖