(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សិស្ស-និស្សិតដែលរៀនផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាពេលនេះ ងាយនឹងមានឱកាសទទួលបានការងារធ្វើលឿន និងទទួលបានប្រាក់ចំណូលខ្ពស់ជាង សិស្ស-និស្សិតរៀនផ្នែកសេវាកម្មផ្សេងៗ។
ការបញ្ជាក់់ដូចនេះរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខដល់យុវជនទាំង៧ឃុំ ក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ និងនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ។
លោក ពេជ សោភ័ន បានលើកឡើងថា បច្ចុប្បន្នសិស្ស និស្សិត ដែលកំពុងសិក្សានៅតាមមជ្ឈមណ្ឌលសិក្សា ឬក៏តាមសកលវិទ្យាល័យ ភាគច្រើនគឺជ្រើសរើសយកមុខវិជ្ជាខាងផ្នែកសេវាកម្ម ដែលមានដូចជា ផ្នែកគ្រប់គ្រង ផ្នែកទីផ្សារផ្នែកគណនេយ្យ ។ល។ ដោយឡែក សិស្ស និស្សិត ដែលរៀនផ្នែកបច្ចេកទេស គឺចំនួននៅមានកម្រិត ដូច្នេះហើយទើបធ្វើអោយទីផ្សារការងារមានតម្រូវការខ្ពស់ខាងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ។
ជាមួយគ្នានោះ លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ សិស្ស និស្សិត ដែលកំពុងសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាវិទ្យាសា្ថនរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺភាគច្រើនសុទ្ធតែមានការងារធ្វើទាំងអស់ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះទៀតផងដែរ លោករដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញបន្ថែមដល់សិស្សនិស្សិត ឱ្យងៀកមកចាប់អារម្មណ៍ជ្រើសរើសការសិក្សាដែលស្របទៅនិងទីផ្សារការងារនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកំពុងត្រូវការនូវជំនាញបច្ចេកទេសជាច្រើនដូចជា សំណង់ អគ្គីសនី អេឡិចត្រូនិច មេកានិច ជួសជុលរថយន្ត និងជួសជុលម៉ាស៊ីនជាដើមព្រោះប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយត្រូវការអ្នកបច្ចេកទេសជំនាញ ៕