(ភ្នំពេញ)៖ កញ្ញា Saho Kamiya គឺជានិស្សិតជប៉ុនមួយរូប ដែលបានចុះមកបំពេញការងារស្ម័គ្រចិត្តរយៈពេល ៥ខែនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ កញ្ញា Saho Kamiya បានបញ្ចប់ការងារស្ម័គ្រចិត្តរបស់ខ្លួននៅក្នុងខែកុម្ភៈ នេះហើយ ហើយនឹងត្រូវត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញផងដែរ។
នៅថ្ងៃបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧ កាលពីថ្ងៃទី២៣ ខែកុម្ភៈ និស្សិតជប៉ុនរូបនេះ ត្រូវបានតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ខណៈនិស្សិតខ្មែរមួយចំនួនតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន។ ការផ្លាស់ប្តូរសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា រវាងនិស្សិតកម្ពុជា-ជប៉ុននេះ គឺមានគោលបំណងឲ្យនិស្សិតកម្ពុជា ជប៉ុន មានអារម្មណ៍ជ្រូតជ្រៀបពីប្រពៃណី និងស្និទ្ធស្នាលរវាងគ្នា។
កញ្ញា Saho បានបង្ហាញអារម្មណ៍ពេញចិត្តពេញថ្លើម និងស្រឡាញ់ផងដែរ ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ។ Saho មិនត្រឹមតែស្រឡាញ់ពេញចិត្តលើសម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ តែក្នុងរយៈពេលបំពេញការងារ ស្ម័គ្រចិត្តនៅស្រុកខ្មែររយៈពេល ៥ខែនេះ កញ្ញាអាចនិយាយភាសាខ្មែរបានយ៉ាងច្រើនថែមទៀតផង៕