(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បានប្រារព្ធពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ដ ដល់អ្នកបើកបរឆ្នើម ប្រចាំឆ្នាំ២០១៦ ដែលមានចំនួន៤០រូបដែលបានជ្រើសរើសមកពីសហគ្រាសដឹកជញ្ជូនផ្លូវជិតចំនួន២០រូប និងផ្លូវឆ្ងាយ២០រូប ក្នុងចំណោមអ្នកបើកបរទាំង ជាង៥០០នាក់ នៅទូទាំងប្រទេស។
ក្នុងឱកាសនោះ លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជា តេលា បានថ្លែងថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនយើង បានប្រារព្ធកម្មវិធីនេះឡើង ដើម្បីបណ្ដុះគំនិត និងទឹកចិត្ដពួកគាត់ ឲ្យចេះស្រលាញ់ការពារការងារដែលកំពុងធ្វើ ចេះឲ្យតម្លៃការងារ ប្រកបដោយភាពស្មោះត្រង់ អំណត់ព្យាយាម តស៊ូ និងគោរពកាតព្វកិច្ចការងាររបស់ខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់ ហើយពេលនោះគាត់នឹងទទួលផលមកអ្វី គឺដូចអ្វីដែលពួកគាត់ទាំងអស់គ្នា បានទទួលនៅថ្ងៃនេះដូច្នេះដែរ ដែលទទួលបានប្រាក់រង្វាន់ បូកជាមួយនឹងប្រាក់ខែរបស់គាត់ថែមទៀត នោះប្រាក់បៀវត្សគាត់ នឹងមានការកើនខ្ពស់រហូតដល់ទៅជាង១,០០០ដុល្លារឯណោះ ។
លោកបន្ដថា «ដូច្នេះអ្នកបើកបរ ដែលមានសមត្ថភាពទទួលបាននូវប័ណ្ណសរសើរ និងប្រាក់រង្វាន់ លុះត្រាតែគាត់ បានជាប់នូវលក្ខខណ្ឌការងារ ដែលក្រុមហ៊ុនយើង បានកំណត់ជូនពួកគាត់ រួមមាន ចំនួនគីឡូដែលរត់បានច្រើនជាងគេ, ការគោរពវិន័យការងារ មានសុជីវធម៌ក្នុងការបើកបរ, គ្មានការចំណាយលើគ្រោះថ្នាក់ចរាចរណ៍, គ្មានការតវ៉ាពីអតិថិជន, មានការថែទំារថយន្ដរបស់ក្រុមហ៊ុន បានល្អ ពិសេសការចាត់ទុកការងារ ព្រទ្យសម្បត្ដិ របស់ក្រុមហ៊ុន ដូចជារបស់ខ្លួន ព្រោះបើក្រុមហ៊ុនបានផលល្អ នោះបុគ្គលិក ក៏បានអរត្ថប្រយោជន៍កាន់តែប្រសើរទ្វេដងផងដែរ» ។
ទន្ទឹមនឹងនោះ លោកស្រីអគ្គនាយិការរង នៃក្រុមហ៊ុនតេលា បានថ្លែងផងដែរថា «ខ្ញុំមានភាពសប្បាយរីករាយណាស់ នៅពេលដែលឃើញបុគ្គលិករបស់យើង បានអនវុត្ដន៍នូវការងារបានល្អ រហូតទទួលបានប្រាក់រង្វាន់នេះ ហើយកិច្ចខិតខំប្រឹងប្រែងរបស់គាត់ទាំងអស់នេះ ក៏បានចូលរួមចំណែកធ្វើឲ្យការលក់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ក្នុងឆ្នាំ២០១៦ បានកើនឡើងចំនួន១០ភាគរយ បើប្រៀបធៀបនឹងមុនៗ» ។
លោកស្រីបន្ដថា ដូច្នេះហើយ លោកស្រីសង្ឃឹមថា ការសហការគ្នារបស់ក្រុមហ៊ុន និងបុគ្គលរបស់ខ្លួន នឹងបម្រើសេវាកម្មដល់អតិថិជនកាន់តែប្រសើរជាងឆ្នាំមុនៗ ហើយរំពឹងក្រុមហ៊ុនកម្ពុជាតេលានៅឆ្នាំ២០១៧ ការលក់ប្រេងឥន្ធនៈ នឹងមានការកើនឡើងរហូតដល់ទៅ ៣០ភាគរយ៕