(ភ្នំពេញ)៖ ខណៈដែលការរៀបចំការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សសង្រ្គោះជាតិ នឹងធ្វើឡើងនៅដើមខែក្រោយនេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន កំពុងមានការខ្វែងគំនិតគ្នា ចំពោះការដាក់បេក្ខភាពអនុប្រធានគណបក្ស។
ព័ត៌មានផ្ទៃក្នុងរបស់គណបក្សប្រឆាំង ដែលបែកធ្លាយកន្លងមក បានបង្ហាញថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមរៀបចំក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មី ដោយប្រើប្រាស់រូបមន្តប្រធាន១រូប និងអនុប្រធាន៣រូប ដោយក្នុងនោះ តំណែងប្រធានត្រូវប្រគល់ជូន លោក កឹម សុខា ប្រធានស្តីទីសព្វថ្ងៃ ចំណែកតំណែងអនុប្រធាន៣រូបផ្សេងទៀតនោះ គឺលោក សម រង្ស៊ី ចង់ឱ្យដាក់លោកស្រី ជូឡុង សូមូរ៉ា, លោក ប៉ុល ហំម និង លោក យឹម សុវណ្ណ ដែលការធ្វើសន្និបាតបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
ទោះជាយ៉ាងណា នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» បានទម្លាយនូវសំឡេងសន្ទនាថ្មីមួយទៀតរបស់ សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូប ដែលពុំពេញចិត្តនឹងការតែងតាំងនេះ ដោយពួកគេចង់ឱ្យដាក់អ្នកដទៃ ដែលមានឥទ្ធិពលជាង លោក យឹម សុវណ្ណ។ ទំព័រ Facebook ឈ្មោះ «សីហា» បានអះអាងថា សំឡេងដែលរូបគេទម្លាយចេញមកនេះ គឺជាសំឡេងរបស់ លោក លឹម គឹមយ៉ា និង លោក ហ៊ីង យឿន (អគ្គរងព្រឹទ្ធសភា មនុស្សជំនិតលោក គង់ គាំ) ដែលពិភាក្សាគ្នាចង់ឱ្យ លោក គង់ គាំ ដែលជាព្រឹទ្ធាចារ្យនៅក្នុងគណបក្សប្រឆាំង ធ្លាប់ជាប្រធានគណបក្សសម រង្ស៊ី ឡើងជាអនុប្រធានជំនួសគណបក្សសង្រ្គោះជាតិជំនួសលោក យឹម សុវណ្ណ វិញ។
Facebook ឈ្មោះ «សីហា» បានសរសេររៀបរាប់ដោយដកស្រង់នូវការសន្ទនារវាង លោក លឹម គឹមយ៉ា និង លោក ហ៊ីង យឿន នៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា « លឹម គឹមយ៉ា ប្រាប់ ហ៊ីង យឿន ថាប្រាប់ គង់ គាំ ថាខ្ញុំចង់ទៅលេងគាត់ ស្អែកល្ងាចម៉ោង៥៖០០។ ហ៊ីង យឿន ថាចាំខ្ញុំប្រាប់គាត់ មានរឿងអីនិយាយលេងធម្មតាទេ? លឹម គឹមយ៉ា ថាពីព្រោះខាង CNRP រកអនុប្រធានគណបក្សម្នាក់ ហើយខាង រង្ស៊ី ខ្ញុំមិនដឹងគាត់ចង់ដាក់អ្នកណា ដាក់ យឹម សុវណ្ណ អី វាពិបាកបន្តិច។ ដាក់ យឹម សុវណ្ណ វាគ្មានឥទ្ធិពលអីទៅខាងណោះទេ បើដាក់ គង់ គាំ មានអីទប់បាន ហើយខ្ញុំស្នើគាត់អាចទទួលងារហ្នឹងទេ ហើយគាត់ចាត់វិធានការយ៉ាងម៉េច បានយកងារអនុប្រធានហ្នឹងទៅ គាត់សមសួនជាង ហើយពួកខាងណោះ ក៏គេញញើតដែរ បើដាក់ យឹម សុវណ្ណ ទៅ ១០គត់តែម្តង។ ហ៊ីង យឿន សួរថា ហើយអ្នកណាខ្លះសមាសភាពហ្នឹង? លឹម គឹមយ៉ា ថាឃើញដំណឹងមកអញ្ចឹងៗ ប៉ុន្តែគេអត់មាននឹកឃើញដល់ គង់ គាំ ឃើញអា Fresh News ទេវាដាក់ យឹម សុវណ្ណ, មួរ សុខហួរ, ម៉ាដាម ជូឡុង សូមូរ៉ា ទៅដាក់អញ្ចឹងៗទៅធ្វើស្អី បើ គង់ គាំ ទៅមានឥទ្ធិពលខ្លះ ទប់ខាងណោះខ្លះ អញ្ចឹងបានខ្ញុំចង់ទៅជួបគាត់ បើសិនគាត់យល់ព្រម ខ្ញុំមកនិយាយជាមួយ កឹម សុខា ១ ម៉ាត់ ២ ម៉ាត់ រឿងអស់ហ្នឹង ខ្ញុំវាគ្មានផលប្រយោជន៍អីនៅក្នុងហ្នឹងទេ។ ហ៊ីង យឿន ថាចាំស្អែកថ្ងៃ ខ្ញុំជូនដំណឹង»។
ខាងក្រោមនេះជាសំឡេងបែកធ្លាយដែលបង្ហោះនៅលើទំព័រ Facebook ឈ្មោះ «សីហា»៖