(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចរក្សាប្រាក់ខែគោលជូនមន្រ្តីជាប់កិច្ចសន្យារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាង ៩ពាន់នាក់ ឲ្យនៅដដែលរហូតដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់បញ្ចប់ជាស្ថាពរ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និង លើកទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសម្រេចនេះត្រូវបានសម្តេចចុះហត្ថលេខានាព្រឹកមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ព្រឹកមិញខ្ញុំបានចុះហត្ថលេខាឯកភាពជាមួយនិងការស្នើសុំរបស់គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត តាមរយៈក្រសួងមុខងារសាធារណៈស្តីអំពីការរក្សាអត្ថប្រយោជន៍ផ្សេងៗ នៃមន្រ្តីជាប់កិច្ចសន្យារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះមន្រ្តីធ្វើការងារខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមន្រ្តីជាប់កិច្ចសន្យានោះ ត្រូវបានរក្សាទុកអត្ថប្រយោជន៍ទាំងអស់ដូចជា មន្រ្តីខាងផ្នែកក្របខណ្ឌ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មន្រ្តីជាប់កិច្ចសន្យាដែល គ.ជ.ប បានស្នើសុំរក្សាប្រាក់ បៀវត្សរ៍គោលនោះមានចំនួនសរុប៩០,២៨២នាក់។ ប្រាក់បៀវត្សរ៍គោលនោះមានចន្លោះពី ២០០ដុល្លារ រហូតដល់ ៣០០ដុល្លារ។
បើតាមលោក ហង្ស ពុទ្ធា មន្រ្តីជាប់កិច្ចសន្យានេះ នឹងត្រូវបំពេញការងារក្នុងការចុះឈ្មោះគណបក្សនយោបាយ ក៏ដូចជាបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីតាមបណ្តាបក្សនយោបាយនានា ហើយក៏នឹងត្រូវបន្តការងាររហូតដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះបានបញ្ចប់ជាស្ថាពរ។
លោក ហង្ស ពុទ្ធា បានហៅការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាថា ជាការយកចិត្តទុកដាក់ និងជួយជ្រុំជ្រែងឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាចប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងទទួលបានជោគជ័យ។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរាជរដ្ឋាភិបាល មិនបានធ្វើឲ្យប៉ះពាល់ដល់ភាពអព្យាក្រឹត្យ នៃដំណើរការបោះឆ្នោតនោះឡើយ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា មន្រ្តី គ.ជ.ប ទាំងអស់ធ្វើការដោយគោរពច្បាប់ស្តីពីការបោះឆ្នោត ហើយបើធ្វើខុស គ.ជ.ប នឹងបញ្ឈប់មន្រ្តីនោះផ្ទាល់តែម្តង។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ការសម្រេចរក្សានូវប្រាក់ខែគោលសម្រាប់មន្រ្តីជាប់កិច្ចសន្យានេះ មិនធ្វើឲ្យប៉ះពាល់ ដល់សុក្រិត្យភាព នៃដំណើរការបោះឆ្នោតនោះឡើយ ព្រោះដំណើរការបោះឆ្នោតត្រូវបានគ្រប់គ្រងដោយ គ.ជ.ប រីឯរាជរដ្ឋាភិបាលមានតួនាទីផ្តល់ថវិកា ធានាដំណើរការរបស់ គ.ជ.ប និងរក្សាសន្តិសុខសណ្តាប់ ព្រមទាំងសុវត្ថិភារបស់បេក្ខជនដែលឈរឈ្មោះបោះឆ្នោត៕