(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូមរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ដែលបានចូលរួមដឹកនាំការងារ បោសសំអាតមីននៅកម្ពុជា នៅក្នុងឱកាសដែលកម្ពុជា ប្រារព្វទិវាជាតិយល់ដឹងពីមីន ថ្ងៃទី២៤ ខែកុម្ភៈនេះ លោកបានលើកឡើងថា «ទិវាជាតិយល់ដឹងពីមីនក្លាយ ជាឱសថយ៉ាងសំខាន់ ក្នុងការជួយទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជា ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន»។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក ហេង រតនា បន្ទាប់ពីទិវានេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ក៏ដូចជាបញ្ជ្រាបការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន ជូនដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយក CMAC ក៏បានពន្យល់ពីដើមចមដែលនាំឲ្យមានការបង្កើត ទិវាជាតិយល់ដឹងពីមីន ផងដែរ។
លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «តើមូលហេតុអី្វបានជាចាំបាច់មានទិវាជាតិយល់ដឹងពីមីន២៤ខែកុម្ភះ?
ដើមចមងាយយល់ទេ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជានៅតែបន្តមានសង្គ្រាម ហើយនៅឆ្នាំ១៩៩៦-១៩៩៧ អត្រាគ្រោះថ្នាក់ស្លាប់ និងរបួសដោយសារមីន មានចំនួនជាង៤០០០នាក់ ជាពិសេសទិសខេត្តបាត់ដំបង និងប៉ៃលិន នៅស្រុករតនមណ្ឌល មានគ្រោះថ្នាក់ខ្ពស់ជាងគេ។
ដោយមើលឃើញទុក្ខវេទនា និងស្របពេលនោះ បានចាប់ផ្តើមចលនាអន្តរជាតិ ក្នុងជំរុញបង្កើតអនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សផងនោះ ធ្វើឲ្យកម្ពុជា ជារដ្ឋមួយយ៉ាងសំខាន់ និងសកម្មក្នុងចលនាអន្តរជាតិនេះ ហើយទិវាជាតិយល់ដឹងពីមីនក្លាយ ជាឱសថយ៉ាងសំខាន់ ក្នុងការជួយទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជា ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតិឱ្យរៀបចំទិវាជាតិនេះ ឡើងតាំងពីឆ្នាំ១៩៩៩តរៀមក»។
ក្នុងទិវាជាតិយល់ដឹងពីមីន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិ ដោយបានអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់ រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
សម្តេចបញ្ជាក់បានបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧នេះ កម្ពុជារំដោះដីមានមីន បានជាង១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ក្នុងនោះបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ជិត៤លានគ្រាប់ ខណៈនៅសល់ផ្ទៃដីជិត២ពាន់គីឡូម៉ែត្រក្រឡាទៀត មិនទាន់រំដោះបាន ដែលទាមទារចំណាយពេល១០ឆ្នាំ និងថវិកាជាង៤០០លានដុល្លារ៕