(ស្រះកែវ-ថៃ)៖ ជាពេលវេលាប្រថុចញ៉ុចខ្លាំងណាស់ ដោយសារនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ កម្លាំងសមត្ថកិច្ចថៃ បានបញ្ជាក់ថា ពួកគេនឹងបើកប្រតិបត្តិការ ចុះដកហូតទំនិញ ដែលរំលោភកម្មសិទ្ធិបញ្ញា ពោលគឺទំនិញចម្លងម៉ូត ឬស្លាកសញ្ញា (Copy) ខុសពីទំនិញដើម មានគុណភាពល្អ (Oringinal) ជាលក្ខណៈទ្រង់ទ្រាយធំ ពីអាជីវករនៅផ្សាររ៉ុងក្លឿ ក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវ មិនថា អាជីវករខ្មែរ ឬថៃឡើយ គឺបោសសម្អាតទាំងអស់។
ភ្នាក់ងារអង្គភាព Fresh News នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ខាងភាគីថៃ បានប្រកាសខ្លាំងៗថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ កម្លាំងសមត្ថកិច្ចរបស់ពួកគេ នឹងចាត់វិធានការក្ដៅ ចេញប្រតិបត្តិការដកហូតទំនិញ និងផលិតផលទាំងឡាយណា ដែលរំលោភកម្មសិទ្ធិបញ្ញា មានការចម្លង ក្លែងបន្លំពីផលិតផលដើម ពីអាជីវករនៅផ្សាររ៉ុងក្លឿ មិនថាខ្មែរ ឬថៃឡើយ ឲ្យតែមានលក់ផលិតផលខុសច្បាប់ទាំងនោះ គឺដកហូតទាំងអស់។
បញ្ហាប្រឈម និងប្រថុចញ៉ុចទាន់ហន់បែបនេះ ត្រូវបានអាជីវករនៅផ្សាររ៉ុងក្លឿ មានការត្អូញត្អែរថា ពួកគាត់មានពេលមិនដល់មួយថ្ងៃផង មិនអាចរុះរើរបស់របរ ទំនិញ ផលិតផលទាំងនោះ ទាន់ដល់ស្អែកបានឡើយ។ ម្យ៉ាងទៀត ពួកគាត់ត្រូវដឹកជញ្ជូនឆ្លងទៅមកកម្ពុជាទៀត មិនអាចអនុវត្តន៍បានទាន់ពេលវេលាឡើយ។
ជុំវិញវិធានការក្ដៅ និងឆាប់រហ័សខាងលើ អាជ្ញាធរថៃបានពន្យល់ថា ការហាមឃាត់ការលក់ដូរទំនិញ Copy ទាំងនោះ មិនមែនទើបតែប្រាប់នៅថ្ងៃនេះទេ គឺពួកគេបានអំពាវនាវ ណែនាំជូនដំណឹងប្រាប់ដល់អាជីវករ តាំងពីយូរយាណាស់មកហើយ ហើយមិនមែនធ្វើតែម្ដង ឬពីរដងនោះទេ គឺអនុវត្តន៍ជារឿយៗ តែពួកអាជីវករទាំងនោះ នៅតែមិនព្រមអនុវត្តន៍តាម។
សូមជម្រាបថា ការបញ្ជាក់ពីចំណាត់ការក្ដៅ នៅថ្ងៃស្អែក របស់អាជ្ញាធរថៃបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបចរចាសម្របសម្រួល រវាងអាជ្ញាធរកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយអាជ្ញាធរថៃ ខេត្តស្រះកែវ នៅមណ្ឌលយោធាទី១៩ ស្ថិតក្នុងស្រុកអារ័ញ្ញព្រះទេព ខេត្តស្រះកែវ ស្តីពីរឿងយកពន្ធនាំចូលត្រី របស់កម្មករខ្មែរនៅប៉ោយប៉ែត៕