(ភ្នំពេញ)៖ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បានចោទប្រកាន់​បុរស​ម្នាក់​ដែល​បើក​ថយន្ត​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​លោក​ ស្រូយ​ នីកា​ អ្នក​កាសែត​រស្មី​កម្ពុជា​ និង​ទូរទស្សន៍​ CNC ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

នៅពេលនេះជនត្រូវចោទ​ និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ «លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ សម្រេច​ចោទប្រកាន់​បុរស​ឈ្មោះ​ សួន វ​ណ្ណា អាយុ​៣១​ឆ្នាំ​ ពីបទ «​បើក​បរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក​»

សូមបញ្ជាក់ថា  លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។

លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួប​គ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕