(ភ្នំពេញ)៖ ស្ត្រីជាប្រពន្ធចុងម្នាក់ បន្ទាប់ពីផឹកស្រាជាមួយប្តីស្រវឹងជោគជាំ ស្រាប់តែប្រពន្ធដើមមករករឿង កើតចេញជាអំពើហិង្សាវាយតប់គ្នា ផ្អើលពេញបន្ទប់ផ្ទះជួល ទាំងកណ្តាលអាធ្រាត្រ រួចប្រពន្ធដើម និងប្តីបានចាកចេញទៅបាត់។ ពេលនោះទារិកាយំខ្លាំងពេក ប្រពន្ធចុង បានលើកកូនមកឲ្យបៅរួចក៏យកទារិកានោះ ទៅងូតទឹកទាំងស្រវឹងត្រាងៗ ក៏ដួល បណ្តាលឲ្យទារិកាអាយុ៣ខែ ដែលជាកូនរបស់ខ្លួន បានបោកក្បាលទៅនិងឥដ្ឋបែកក្បាលស្លាប់គួរឲ្យអាសូរ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅបន្ទប់ជួលលេខ២ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយយកកូនទៅកប់នៅវត្តតាំងសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមដំណើររឿង កាលពីវេលាម៉ោង១១យប់ ប្តីឈ្មោះ ស៊ី យ៉ា អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រើប្រពន្ធចុងឈ្មោះ ណុប ស្រីពៅ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទោង ឃុំស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ឲ្យទៅទិញស្រាមកផឹក នៅក្នុងបន្ទប់រួចហើយក៏មានប្រពន្ធដើមបានមក ដល់មុខបន្ទប់ ក៏បានផ្ទុះហិង្សាកើតឡើងរវាងប្រពន្ធចុង និងប្រពន្ធដើមវាយតប់គ្នារហូត ដល់មានរបួសរៀងៗខ្លួន ក៏មានជួយឃាត់ពីប្តី និងអ្នកជិតខាងនិងបំបែកចេញពីគ្នារៀងៗខ្លួន រួចហើយប្តី និងប្រពន្ធដើម ក៏បានចាកចេញពីបន្ទប់ជួល ទាំងកណ្តាលអធ្រាត្រទៅបាត់ទៅ។
ដោយហេតុតែស្រវឹងជោគជាំខ្លាំងផងនោះក៏បានលើកកូន ឈ្មោះ ណុប ស្រីពេជ្យ ភេទស្រី អាយុ៣ខែ មកឲ្យបៅព្រោះយំខ្លាំងពេក រួចហើយក៏យកកូនទៅងូតទឹក ស្របពេលនោះ ដោយមានភាពស្រវឹងផង ក៏បានដួលទាំងម្តាយទាំងកូននៅក្នុងបន្ទប់ទឹក រហូតមកដល់ម៉ោង២ទាបភ្លឺ ទើបដឹងថា កូនស្លាប់បាត់ទៅហើយ។
លុះព្រឹកឡើង ដោយមានការចុះសហកាត្រួតពិនិត្យពីជំនាញកោសល្យវិច្ច័យក្រុង និងកោសលវិច្ច័យក្រសួង និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការបំភ្លឺពីម្តាយរហូតឈានដល់ការសារភាពពីម្តាយពិតជាបានប្រព្រឹទ្ធពិតប្រាកដមែន។
តាមការពិនិត្យជាក់ស្តែង មានស្នាមជាំនៅចំហៀងក្បាលខាងស្តាំ និងស្នាមផតទ្រុតក្បាល(ផុងរលា) រង្វង់ភ្នែកខាងស្តាំជាំក្រហម ហើយស្នាមជាំនៅស្មាខាងឆ្វេងរហូត ដល់ដើមដៃខាងឆ្វេងនិងតាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យកោសលវិច័យនិងជំនាញកោសលវិច្ច័យក្រុង បានបញ្ជាក់ឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យស្លាប់ដោយសារតែប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ៕