(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេល១០ថ្ងៃនេះ បានចំនួន៨ករណី តែចាប់ខ្លួនជនសង្ស័យ១៣នាក់ ព្រមទាំងដកហូតថ្នាំញៀន ទ្រព្យសម្បត្តិ និងវត្ថុតាងមួយចំនួនទៀត។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបគ្រឿងញៀនបាន៨ករណី ក្នុងនោះ ករណីជួញដូរមាន៧ករណី ប្រើប្រាស់ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៣ នាក់ ស្រី២ ក្នុងនោះដកហូតរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន9.07ក្រាម ម៉ូតូ២គ្រឿង ទូរស័ព្ទ១៣គ្រឿង លុយខ្មែរ២២.0000រៀល និងលុយដុល្លារចំនួន៣៩៥ដុល្លារ។
បើតាមលោកស្នងការ ដើម្បីអនុវត្តយុទ្ធនាការរយៈពេល៦ខែ លើការបង្ក្រាបគ្រឿងញៀន មន្រ្តីនគរបាលរបស់លោក បានបន្តវិធានការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ។ ជាក់ស្តែង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទឹកថ្លា បានចុះផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារ ប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់។
សម្រាប់ការផ្សព្វផ្សាយនេះ មន្រ្តីនគរបាលបានផ្តោតលើ ខ្លឹមសាររួមមាន៖
១- សេចក្ដីអំពាវនាវ ស្ដីពីការចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា
២- ការផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក
៣- ការផ្សព្វផ្សាយអំពី ល្បែងស៊ីសងខុសច្បាប់
៣- ការផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។
កម្មវិធីនេះបានធ្វើឡើងនៅអនុវិទ្យាល័ និងបឋមសិក្សា ព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕