(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០១៧នេះ បានចាប់ខ្លួនស្រ្តីម្នាក់ ជាអ្នកគ្រប់គ្រងគណនេយ្យក្រុមហ៊ុន «ហ៊ុលបញ្ញា» រួចបញ្ជូនទៅកាន់តុលាការ ពាក់ពន្ធរំលោភទំនុកចិត្ត ដោយស៊ីដាច់លុយជាង១០ម៉ឺនដុល្លារ។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការថា ស្រ្តីសង្ស័យឈ្មោះ នៅ សុខលក្ខិណា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ដើមចមបណ្តាលឲ្យសមត្តកិច្ចចាប់ខ្លួនស្រី្តរូបនេះ គឺយោងលើពាក្យបណ្តឹងរបស់ឈ្មោះ ស្រី ហ៊ុល ភេទប្រុស អាយុ៥០ឆ្នាំ ដោយកាលពីអំឡុងឆ្នាំ២០០៨ ឈ្មោះ នៅ សុខលក្ខិណា បានចូលបំរើការងារនៅក្រុមហ៊ុន «ហ៊ុលបញ្ញា» ដោយមានតួនាទីជាអ្នកគ្រប់គ្រងផ្នែកគណនេយ្យ។
ចំពោះការទូទាត់ប្រាក់ ក្រុមហ៊ុនជាអ្នកចេញឲ្យឈ្មោះ នៅ លក្ខិណា យកទៅទូទាត់ប្រាក់ពីអ្នកទិញ ប៉ុន្តែក្រុមហ៊ុនផ្ទៀងផ្ទាត់ទើបដឹងថា ជាវិក័យបត្រក្លែង ដោយឈ្មោះ នៅ សុខលក្ខិណា បានក្លែងវិក័យបត្ររបស់អ្នកលក់ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន១១០.០០០ ដុល្លារ។
ក្រោយពីមានពាក្យបណ្តឹងនោះ កម្លាំងនគរបាលបានចាត់វិធានការតាមនីតិវិធី និងបានឈានទៅដល់ការឃាត់ខ្លួនស្ត្រីសង្ស័យ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនេះស្រ្តីសង្ស័យ ស្ថិតក្រោមការសួរនាំរបស់មន្រ្តីតុលាការ៕