(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ ក្រុមការងារកាកបាទក្រហមសង្កាត់-ភូមិ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការចំនួន៥១គ្រួសារ នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។
អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០ឆកញ្ចប់ (រួមមានមុង១+ភួយ១+សារ៉ុង១+ក្រមា១) និងថវិកា៣ម៉ឺនរៀល ក្នុងនោះព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ ឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ គ្រឿងឧបភោគបរិភោគ១កញ្ចប់ផងដែរ។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូ ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា កុមារកំព្រាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍។
លោកអភិបាលខណ្ឌ ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់លោកតា លោកយាយបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានខណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់លោកតាលោកយាយ បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការ រស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អបន្តមើលការ អភិវឌ្ឍន៍របស់ប្រទេសជាតិយើង៕